រដ្ឋបាលខេត្តកំពង់ចាម និង USAID កំពុងបន្តសហការសកម្មភាពការងារ ដើម្បីលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន

(ខេត្តកំពង់ចាម)៖ ក្នុងកិច្ចពិភាក្សារវាងអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមជាមួយនឹងលោកស្រី ណែនស៉ី អ៉ីសលីកនាយិកាបេសកកម្ម USAID ភាគីទាំងពីរបានគូសបញ្ជាក់ពីគោលបំណង ដើម្បីបន្តសហការគ្នាលើសកម្មភាពការងារ ដើម្បីលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន។

ក្នុងជំនួបដែលបានធ្វើឡើង នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម លោក ឈិន រីឆាត ប្រធានការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយចីរភាពរបស់អង្គការ USAID បានបញ្ជាក់ថា កម្មវិធី USAID ធ្វើយ៉ាងណាដើម្បីពង្រឹងជីវភាពរបស់កសិករនៅក្នុងខេត្តកំពង់ចាម ពោលគឺផ្សារភ្ជាប់ គាំទ្រជួយទៅដល់កសិករ ដាំស្វាយចន្ទី ជួយផ្សារភ្ជាប់ពួកគាត់ទៅកាន់ទីផ្សារ គាត់ដូចជាជួយខាងផ្នែកបច្ចេកទេស ដើម្បីបង្កើនតម្លៃឲ្យពួកគាត់ទទួលផលចំណេញបានច្រើន។ ជាពិសេស USAID មានបំណងជួយ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមួយ នៅស្រុកស្ទឹងត្រង់ ឱ្យមានការរីកចម្រើន ពោលគឺគាត់អាចជាអ្នកនាំចេញដ៏ខ្លាំងមួយ ទៅកាន់ប្រទេសមួយចំនួន ពិសេសសហរដ្ឋអាមេរិក។

លោក ឈិន រីឆាត បន្តថា ជាងនេះទៅទៀត ការិយាល័យរបស់លោកកំពុង បង្កើតឧទ្យានបច្ចេកវិជ្ជាកសិកម្ម ដែលមានទីតាំងនៅក្នុងស្រុកចំការលើ ក្នុងកិច្ចសហការរវាងសាកលវិទ្យាល័យកសិកម្ម និងUSAID ក្នុងគោលបំណងបង្ហាញបច្ចេកវិទ្យា ទំនើបផ្សេងៗ ពាក់ព័ន្ធទៅនឹងផ្នែកកសិកម្ម ដែលសហរដ្ឋអាមេរិកបានប្រើប្រាស់ ដើម្បីបង្ហាញប្រជាកសិករ ឲ្យពួកគាត់បានស្វែងយល់បន្ថែម នឹងយកចំណេះដឹងទាំងនោះ ទៅប្រើប្រាស់សម្រាប់ការងារកសិកម្មរបស់ពួកគាត់។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងថា លទ្ធផលកន្លងទៅមានមន្ទីរសុខាភិបាល និងមន្ទីអប់រំ ដែលបានអនុវត្តល្អ ជាមួយ USAID អំពីសកម្មភាពការងារ និងការគាំទ្រគម្រោង ជាពិសេសការពង្រឹងគុណភាពសេវាផ្នែកសុខាភិបាល ដែលមានមន្ត្រីរបស់ USAID នៅប្រចាំក្នុងមន្ទីរពេទ្យតែម្តង។

ឯកឧត្តមអភិបាលខេត្តកំពង់ចាម បន្តថា ការងារពង្រឹងសេវាផ្នែកសុខាភិបាលនេះ គឺមិនត្រឹមតែក្នុងក្រុងកំពង់ចាមទេ គឺបានពង្រីករហូតតាមបណ្ដារ មន្ទីរពេទ្យបង្អែកស្រុក មួយចំនួនផងដែរ។ ចំពោះផ្នែកអប់រំគឺការរៀបចំ នៅមានកម្រិតនៅឡើយ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា សកម្មភាពការងាររបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត និងខាង USAID មានគោលបំណងដូចគ្នា គឺសំដៅលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋតាមរយៈគម្រោងនានា ដូចជាការបង្កើតមុខរបរ, ការលើកកម្ពស់សេវាសុខាភិបាល, ការផ្ដល់ការអប់រំ ឬបរិស្ថានជាដើម។ ដោយសារតែគោលបំណងដូចគ្នាដូច្នេះ USAID និងរដ្ឋបាលខេត្តកំពង់ចាម អាចបន្តចាប់ដៃគ្នា ធ្វើសកម្មភាពការងារបន្តទៅទៀត ដើម្បីលើកកម្ពស់គុណភាពជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរ ដោយសារអាណត្តិគម្រោងសុខាភិបាលរបស់ USAID ត្រូវបញ្ចប់ក្នុងឆ្នាំ២០២៣ ដូច្នេះឯកឧត្តមអភិបាលខេត្ត បានសំណូមពរ USAID ពិចារណា និងបន្ត ១អាណត្តិទៀត ជួយបន្ថែមទៀតឲ្យកាន់តែរីកចម្រើន និងសូមបន្ថែមទៅលើការងារកសិកម្មដែលបានលើកឡើង ដូចជាការនាំចេញគ្រាប់ស្វាយចន្ទី, ការបង្រៀនប្រជាកសិករ នូវបច្ចេកទេសនៃការដាំដុះ, ឬការវេចខ្ចប់ជាដើម ដែលធ្វើឲ្យផលិតផលនោះមើលទៅបែបជាលក្ខណៈស្តង់ដា អាចប្រកួតប្រជែងក្នុងទីផ្សារនៅក្រៅប្រទេស ដែលជាចំណុចសំខាន់ សម្រាប់បង្កើនចំណូលដល់ប្រជាពលរដ្ឋរបស់យើង៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ