logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ ទូទាំងខេត្ត និងសម្ពោធអគារសិក្សា ៣ខ្នង ១៣បន្ទប់
25
13-January-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២ តំណាងទូទាំងខេត្ត និងសម្ពោធអគារសិក្សា ៣ខ្នង ១៣បន្ទប់ ជាជំនួយរបស់អង្គការ (Plan)។

មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត​ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គណៈអភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត តំណាងអង្គការ​ Plan លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើននាក់។ ដែលរៀបចំឡើងនៅនៅអនុវិទ្យាល័យកាំងចាម ស្ថិតក្នុងភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់។

ថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ក្នុងឱកាសថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២ នេះ ឯកឧត្តម ស្វាយ សំអ៊ាង បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយទៅជាពលរដ្ឋល្អ មានចំណេះដឹង មានសិល្បធម៍ ក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម និងជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ឈានឆ្ពោះទៅក្លាយជាអ្នកបន្តវេនដឹកនាំ និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចំរើន ហើយជាពិសេសត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដែលនាំឲ្យខូចអនាគតខ្លួនឯង និងបាត់បង់កិត្តិយសគ្រួសារ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អនុវិទ្យាល័យកាំងចាម ថវិកាចំនួន ១លានរៀល សាលាបឋមសិក្សាកាំងចាម ថវិកាចំនួន ៥០ម៉ឺនរៀល និងជូនសិស្សានុសិស្ស តាមវិទ្យាល័យ និងអនុវិទ្យាល័យចំនួន១៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានសៀវភៅ ៤ក្បាល និងប៉ិច ២ដើមនិងថវិកា ៥.០០០រៀល៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ