ខេត្តកែប៖ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រៀបចំព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរខួបគម្រប់ព្រះជន្ម៧២ យាងចូល៧៣ ព្រះវស្សា ដោយមានការនិមន្ត និងអញ្ជេីញចូលរួមពីព្រះមេគណខេត្តទាំងពីរគណៈ និងឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការតាមមន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងយុវជន សិស្សានុសិស្សយ៉ាងច្រើនកុះករ នាសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។
ក្នុងឱកាសដ៏ថ្លៃថ្លានោះឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានគូសបញ្ជាក់ថា៖ ការរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ស្របតាមព្រះរាជប្បវេណីពីបុរាណ ដោយចាត់ទុកព្រះរាជពិធីនេះជាអាយុវឌ្ឍនមង្គលមួយ ដើម្បីសម្តែងនូវកតញ្ញូតាធម៌ចំពោះព្រះមហាក្សត្រ ព្រមទាំងថ្វាយព្រះពរសព្ទសាធុការ និងថ្វាយព្រះរាជកុសលជាទីគោរពសក្ការៈ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ និងជាម្លប់ដ៏ត្រជាក់ត្រជុំរបស់ប្រជារាស្ត្រយូរអង្វែងតរៀងទៅ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បន្តថា៖ ក្នុងនាមថ្នាក់ដឹកនាំខេត្តកែប រួមទាំងមន្ត្រីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមក្រាបបង្គំសម្តែងថ្វាយនូវអំណរគុណ ព្រមទាំងគារវកិច្ចប្រកបដោយកតញ្ញូកតវេទីតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជគុណូបការៈ ដែលព្រះអង្គតែងយកអស់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណបំពេញព្រះរាជកិច្ចបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជារាស្ត្រ ប្រកបដោយស្វាមីភក្តិដ៏ឧត្តុង្គឧត្តមបំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបានចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជារាស្ត្រ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឱ្យរីកចម្រើនថ្កុំថ្កើនរុងរឿងជានិរន្តរ៍៕
ប្រភព៖ រដ្ឋបាលខេត្តកែប