logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅផ្ទាល់របស់ប្រជាពលរដ្ឋភៀសសឹក មកពីឃុំថ្មដា ស្រុកវាលវែង
47
27-March-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តពោធិ៍សាត់៖ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រួមមាន បណ្តាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូតនានា និងតំណាងអង្គការអន្តរជាតិធំៗប្រចាំកម្ពុជា ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅផ្ទាល់ របស់ប្រជាពលរដ្ឋភៀសសឹក មកពីឃុំថ្មដា ស្រុកវាលវែង។


បច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋ ចំនួន៧៦គ្រួសារ កំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ បន្ទាប់ពីរងគ្រោះដោយការធ្វើទុក្ខបុកម្នេញ ពីសំណាក់យោធាថៃ ដែលបានរំលោភបំពានចូលមកក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ដោយខុសច្បាប់។ ទោះបីជាភាគីកម្ពុជា និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅក៏ដោយ ប៉ុន្តែភាគីយោធាថៃបានបន្តរំលោភលើកិច្ចព្រមព្រៀងនេះ ដោយបានចូលមករាយបន្លាលួស និងដាក់ទូកុងតឺន័រ ព័ទ្ធយកផ្ទះសម្បែង និងភូមិឋានរបស់ប្រជាពលរដ្ឋខ្មែរ នៅក្នុងឃុំថ្មដា ដែលបង្ខំឱ្យពួកគាត់ត្រូវចាកចេញពីទីលំនៅដើម្បីសុវត្ថិភាព។


ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្តពោធិ៍សាត់ ដែលបានរៀបចំជម្រកសុវត្ថិភាព និងផ្តល់ការគាំទ្រយ៉ាងយកចិត្តទុកដាក់ដល់បងប្អូន ទាំង៧៦គ្រួសារ។ ជាមួយគ្នានេះ គណៈប្រតិភូអង្គទូត និងអង្គការអន្តរជាតិ ក៏បានសម្តែងនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះស្ថានភាពមនុស្សធម៌ ដែលកំពុងកើតមានឡើងនេះផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិវិធី និងប្រើប្រាស់ច្បាប់អន្តរជាតិ ប៉ុន្តែមិនអនុញ្ញាតឱ្យមានការរំលោភបំពានណាមួយលើទឹកដីកម្ពុជាឡើយ។


ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ