ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានការណែនាំ និងចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការក្រុង ស្រុកទាំង៨ បានចុះសម្រួលចរាចរណ៍ជូនដល់សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនី និងរៀបចំសណ្ដាប់ធ្នាប់នៅតាមទីផ្សារ ទីប្រជុំជននានា ចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងចែកអត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង។
ពិសេសបានចុះផ្សព្វផ្សាយការងារពាក់ព័ន្ធគ្រឿងញៀន ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ និងបញ្ហាផ្សេងៗមួយចំនួនទៀត ជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅតាមសាលារៀននានា ព្រមទាំងបានរួមគ្នាដើររើសសំរាមនៅតាមទីសាធារណៈ ដើម្បីរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ផ្តល់សេវាឱ្យបានទាន់ពេលវេលា និងមានអនាម័យល្អប្រសើរផងដែរ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង