logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ហេតុអ្វីបានជាបន្ទះឈីប បានក្លាយជាវិស័យដ៏សំខាន់សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា?
1K
17-September-2024
ព័ត៌មានបច្ចេកវិទ្យា
តំណរភ្ជាប់

បន្ទះឈីប គឺជាបន្ទះសៀគ្វីអេឡិចត្រូនិក ឬ semiconductor ដែលមានបំពាក់ទៅដោយបំណែកសៀគ្វីតូចៗ រួមបញ្ចូលគ្នាដែលគេហៅថា Integrated circuit ផលិតឡើងពីសារធាតុស៊ីលីកូន។ បន្ទះឈីបមានតួនាទីដូចទៅនឹងខួរក្បាលរបស់ឧបករណ៍អេឡិចត្រូនិកដោយវាគឺជាផ្នែកដែលធ្វើការបញ្ជាដំណើរការទៅតាមការកំណត់នៅពេលដែលវាត្រូវបានផលិតឡើង។


បន្ទះឈីបត្រូវបានរកឃើញជាលើកដំបូងក្នុងឆ្នាំ ១៩៥៨ ដោយបុរសម្នាក់រស់នៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ របកគំហើញនេះត្រូវបានគេចាត់ទុកថាគឺជារបត់ដ៏សំខាន់មួយនៃវិស័យបច្ចេកវិទ្យា ព្រោះវាបាននាំទៅរកការបង្កើតឧបករណ៍អេឡិចត្រូនិក ជាបន្តបន្ទាប់ដែលមានដូចជា ទូរស័ព្ទដៃ កុំព្យូទ័រ ឧបករណ៍វៃឆ្លាត យានយន្ដ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍ជួយសង្គ្រោះជីវិត ទូអេធីអឹម (ATM) និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀតដែលកំពុងស្ថិតនៅជុំវិញខ្លួនយើង។


ឧបករណ៍ដ៏មានសារៈប្រយោជន៍នេះ ជាបន្តបន្ទាប់ត្រូវបានគេយកទៅអភិវឌ្ឍន៍ និងជំរុញវិស័យនានារាប់ចាប់តាំងពីសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល សន្តិសុខ សុខាភិបាល ការអប់រំ និងវិស័យសំខាន់ៗដ៏ទៃទៀតដើម្បីទាញយកសក្តានុពលនៃកំណើនការលូតលាស់សម្រាប់ប្រទេសនីមួយៗ។ជាមួយសារៈប្រយោជន៍ជាច្រើនដូចដែលបានរៀបរាប់ខាងលើ ដំណើរការនៃការផលិតបន្ទះឈីប ទាមទារឱ្យមានការវិនិយោគធំលើការសាងសង់រោងចក្រ និងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ដោយក្រុមហ៊ុនផលិតត្រូវចំណាយប្រាក់រាប់ពាន់លានដុល្លារ និងមានសមត្ថភាពខ្ពស់ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ប្រភេទបន្ទះឈីបថ្មីៗដែលអាចធ្វើការកាន់តែខ្លាំងដើម្បីតាមឱ្យទាន់ការវិវត្តទៅនៃបច្ចេកវិទ្យា។


តួយ៉ាងដូចជាការប្រើប្រាស់បន្ទះឈីបក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI ជាដើម។បច្ចុប្បន្ននេះ ជាង ៨០ភាគរយនៃការផលិតបន្ទះឈីបនៅជុំវិញពិភពលោកមានមូលដ្ឋាននៅប្រទេសក្នុងតំបន់អាស៊ី ដែលក្នុងនោះរួមមានដូចជា តៃវ៉ាន់ កូរ៉េខាងត្បូង និងចិនជាដើមដែលកាន់កាប់ចំណែកទីផ្សារធំៗ ហើយមានជាង ៥០ភាគរយត្រូវបានកាន់កាប់ដោយក្រុមហ៊ុនតៃវ៉ាន់។ ក្រុមហ៊ុនផលិតបន្ទះឈីបធំៗក្នុងពិភពលោកក្នុងពេលសព្វថ្ងៃរួមមាន ក្រុមហ៊ុន Intel, Samsung, Taiwan Semiconductor Manufacturing Company (TSMC), Broadcom និង Nvidia ជាដើម។


ចាប់តាំងពីផ្ទុះវិបត្តិជំងឺរាតត្បាតកូវីដ-១៩មក តម្រូវការបន្ទះឈីបក្នុងពិភពលោកបានមានការហក់ឡើងយ៉ាងខ្លាំងដែលធ្វើឱ្យប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ដោយសារមនុស្សម្នាត្រូវតម្រូវឱ្យរស់នៅដាច់ដោយឡែកពីគ្នា និងធ្វើការទាក់ទងគ្នាតាមប្រព័ន្ធបច្ចេកវិទ្យាដោយប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកដែលត្រូវដំណើរការដោយផ្អែកលើបន្ទះឈីប។


របត់នេះបានបង្កឱ្យមានវិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់ ហើយបាននាំឱ្យមានការប្រកួតប្រជែងក្នុងការអភិវឌ្ឍបន្ទះឈីប ដែលធ្វើឱ្យឧបករណ៍មួយនេះកាន់តែមានសារៈសំខាន់ក្នុងវិស័យបច្ចេកវិទ្យា៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ