logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងឡាវ ផ្តល់ប័ណ្ណព្រំដែនជូនពលរដ្ឋជាង១៩ពាន់ក្បាលបន្ថែមទៀត
411
21-November-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ក្នុងរយៈពេលមួយខែ គិតចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ និងកម្ពុជា-ឡាវ បានបន្តផ្ដល់សេវាប័ណ្ណព្រំដែន ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ចេញចូលឆ្លងដែនក្នុងជីវភាពប្រចាំថ្ងៃ បានសរុបជាង១៩ពាន់ក្បាល ក្នុងនោះខេត្តជាប់ព្រំដែនប្រទេសថៃ មានចំនួនច្រើនបំផុត បើធៀបនឹងខេត្តជាប់ព្រំដែនប្រទេសឡាវ។ 


ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្នុងចំណោមប័ណ្ណព្រំដែនជាង១៩ពាន់ក្បាលនោះ ការផ្ដល់ជូននៅខេត្តជាប់ព្រំដែនប្រទេសឡាវមានតែ១៧ក្បាលប៉ុណ្ណោះ ស្របពេលខេត្តជាប់ព្រំដែនប្រទេសថៃ រួមមានខេត្តបន្ទាយមានជ័យ ផ្ដល់បាន ៩.៨១៩ក្បាល ខេត្តប៉ៃលិន ៣.៥២១ក្បាល ខេត្តឧត្តរមានជ័យ ២.៩៩៩ក្បាល ខេត្តបាត់ដំបង ២.៤៦៧ក្បាលនិងខេត្តកោះកុង ផ្ដល់បាន ៣៩៦ក្បាល។ 


ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានបន្តថា ដោយឡែកនៅក្នុងរយៈពេលដូចគ្នានោះ អគ្គនាយកដ្ឋានរដ្ឋបាល ក៏បានបន្តបើកផ្ដល់ប័ណ្ណព្រំដែនជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ បាត់ដំបង និងឧត្តរមានជ័យ ដើម្បីបន្តយកទៅបំពេញបែបបទផ្ដល់សេវាជូនប្រជាពលរដ្ឋបានចំនួន ១៣.០០០ក្បាលដែលក្នុងនោះខេត្តបន្ទាយមានជ័យមាន ៦.០០ក្បាល ឧត្តរមានជ័យមាន ៤.៥០០ក្បាល និងខេត្តបាត់ដំបងមាន ២.៥០០ក្បាល ។ 


សូមបញ្ជាក់ថា ការផ្ដល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ ធ្វើឡើងនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក និងទីតាំងផ្សេងទៀតតាមការចាំបាច់ដែលកំណត់ដោយរដ្ឋបាលក្រុង ស្រុកសាមី ដោយប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងនិងផ្តល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយ និងប្រព័ន្ធគ្រប់គ្រងប័ណ្ណព្រំដែនកម្ពុជា៕ 


ប្រភព៖ កញ្ញា សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ