ខេត្តកំពង់ធំ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែ សីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានឆ្លៀតពេលវេលា ដ៏មមាញឹកពីការងារ ដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខមន្ត្រីនគរបាលជាតិ ដែលសម្រាកព្យាបាលជម្ងឺ នៅគេហដ្ឋាន ស្ថិតក្នុងភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ឯក សៀក បាន នាយការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជួបគ្រោះថ្នាក់ចរាចរណ៍ នាពេលកន្លងមកបណ្ដាលឲ្យរបួសធ្ងន់ ត្រូវបានគ្រួសារលោក បញ្ជូនទៅពិនិត្យព្យាបាលជម្ងឺនៅមន្ទីរពេទ្យរាជធានីភ្នំពេញ មួយរយៈដោយមានការយកចិត្តទុកដាក់ ថែទាំ ពីលោកគ្រូ អ្នកគ្រូពេទ្យ ធ្វើឲ្យស្ថានភាពជម្ងឺរបស់ លោក សៀក បាន មានការធូរស្រាលគ្រួសារលោកនាំមកសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋានវិញ។
លោកឧត្តមសេនីយ៍ ពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ។
ជានិច្ចកាលថ្នាក់ដឹកនាំតែងតែយកចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនកងកម្លាំងនគរបាលជាតិ ដែលបំពេញភារកិច្ច បេសកកម្ម តាមបណ្តាគោលដៅគ្រប់មូលដ្ឋាន ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្នងការ បានប្រគល់គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួន សរុបថវិកា ១២៥០០០០ រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់អ្នកជម្ងឺ សម្រាប់ការចំណាយដោះស្រាយជីវភាពជាប្រចាំថ្ងៃ។
លោក សៀក បាន និងភរិយា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងលោក ស្នងការនគរបាលខេត្ត ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ ចុះសាកសួរសុខទុក្ខ ប្រគល់សម្ភារៈ ថវិកាដល់គ្រួសារលោក និងគោរពជូនពរចំពោះថ្នាក់ដឹកនាំ សូមសមប្រកបជួបប្រទះតែពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕