logo
Header Logo
ព័ត៌មានលម្អិត
thumbnail
មកស្វែងយល់ ពីការផ្តល់សេវាដែលមាននៅច្រកចេញចូលតែមួយនៃ ឃុំ- សង្កាត់ របស់អ្នក
3K
31-October-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

យោងតាមប្រការ១២ នៃប្រកាសអន្តរក្រសួង ស្តីពី ការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ត្រូវរៀបចំឱ្យមានយន្តការនៃការផ្តល់សេវារដ្ឋបាលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនតាមលក្ខណៈជាច្រកចេញចូលតែមួយ ដើម្បីបម្រើប្រជាពលរដ្ឋ និងធុរជនឱ្យទាន់ពេលវេលា។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា មកដល់បច្ចុប្បន្ន ឃុំ-សង្កាត់ចំនួន១៦៥២នៅទូទាំងប្រទេស បាននឹងកំពុងដាក់ដំណើរការ យន្តការច្រកចេញចូលតែមួយនេះយ៉ាងសកម្មបំផុត។ 


ខាងក្រោមនេះ គឺជាបណ្ដុំសេវាដែលមាននៅច្រកចេញចូលតែមួយ ឃុំ- សង្កាត់របស់លោកអ្នក៖

១.ការងារអត្រានុកូលដ្ឋាន មានសេវាសំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សេចក្តីចម្លងសំបុត្រកំណើតឬបញ្ជាក់ ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ សំបុត្រអាពាហ៍ពិពាហ៍ (ពលរដ្ឋខ្មែរជាមួយពលរដ្ឋខ្មែរ) សំបុត្រអាពាហ៍ពិពាហ៍ ( ជនបរទេសជាមួយពលរដ្ឋខ្មែរ) សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព (ក្នុងរយៈពេល១៥ថ្ងៃ) សំបុត្រមរណភាព (ក្នុងរយៈពេល១៥ថ្ងៃហួសក្នុងឆ្នាំ) និងសេចក្តីចម្លងមរណភាព។ 

២.ការចេញលិខិតបញ្ជាក់ មានសេវាលិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយ លិខិតបញ្ជាក់ទីលំនៅ លិខិតបញ្ជាក់លើកិច្ចសន្យាខ្ជីប្រាក់ លិខិតបញ្ជាក់ប្រវត្តិដីធ្លី លិខិតបញ្ជាក់ទាយាទ លិខិតបញ្ជាក់កិរិយាមាទ លិខិតបញ្ជាក់ប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ទិញលក់សត្វពាហនៈ លិខិតបញ្ជាក់តបណ្តេញអគ្គិសនី លិខិតបញ្ជាក់តបណ្តេញទឹកស្អាត លិខិតបញ្ជាក់ជួលដី ផ្ទះ តូប យានជំនិះ លិខិតបញ្ជាក់ផ្ទះជួលបន្ទប់ស្នាក់នៅ និងលិខិតបញ្ជាក់លើលិខិតស្នាមផ្សេងៗទៀត។


បើតាមឯកឧត្តមបណ្ឌិត ទូច សុឃៈ បានលើកឡើងដែរថា ផ្អែកតាមប្រកាសអន្តរក្រសួងនេះដែរ សម្រាប់តម្លៃនៃសេវាទាំងនោះគឺត្រូវបានកំណត់ និងសេវាមួយចំនួនទៀតគឺមិនគិតកម្រៃតែម្តង (ខ្លះបង់ប្រាក់ត្រឹមតែ ២០០០រៀល ខ្លះ៣០០០រៀល ៤០០០រៀល និងខ្លះទៀត៥០០០រៀល និងសេវាមួយចំនួនតូចផ្សេងទៀតបង់ប្រាក់១០០០០រៀល ខណៈពាក្យស្នើសុំសេវារដ្ឋបាលទាំងអស់នោះ ត្រូវផ្តល់ជូនដោយឥតគិតកម្រៃ)។


យោងតាមប្រការ៨នៃប្រកាសដដែរ រដ្ឋបាល ឃុំ-សង្កាត់ ត្រូវបិទផ្សាយជាសាធារណៈលើក្តារព័ត៌មាននៅកន្លែងផ្តល់សេវារដ្ឋបាល និងផ្សព្វផ្សាយព័ត៌មានតាមមធ្យោបាយផ្សេងៗទៀតនូវស្តង់ដារសេវារដ្ឋបាលរួមមាន តារាងកម្រងសេវារដ្ឋបាល ទម្រង់ឯកសារ និងនីតិវិធីសម្រាប់ការផ្តល់សេវារដ្ឋបាល និងការបង់កម្រៃសេវារដ្ឋបាល៕


ប្រភព៖ សេង សុខហ៊ុន

មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ