រាជធានីភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ លទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារសំរាប់ខែមិថុនា ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ ប្រធានពន្ធនាគាររាជធានី ខេត្ត។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម អគ្គនាយក មានប្រសាសន៍ថា "សូមប្រុងប្រយ័ត្នសុខភាព និងមានវិធានការទប់ស្កាត់ការពារជំងឺផ្តាសសាយ (កូវីដ-១៩) ត្រឡប់មក វិញជាថ្មីមួយប្រភេទថ្មីឈ្មោះ JN.1 និងការឆ្លង បាក់តេរីអង់ត្រាក់ ឬជំងឺឈាមខ្មៅ លើសត្វ ពាហនៈ (ការបរិភោគសាច់គោ)" និងផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួន ដល់ប្រធាននាយកដ្ឋានជំនាញ និងប្រធានមណ្ឌលអប់រំកែប្រែពន្ធនាគាររាជធានី-ខេត្ត ត្រូវរៀបចំ និងកត់ត្រាចំពោះរាល់អ្នកចូលសួរសុខទុក្ខជនជាប់ឃុំទាំងអស់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងសូមឱ្យមន្រ្តីបណ្តាពន្ធនាគារទាំងអស់នារដូវវស្សានេះត្រូវត្រៀមបង្ការគ្រោះទឹកជំនន់ ជាពិសេស ពន្ធនាគារងាយរងគ្រោះដោយជំនន់ទឹកភ្លៀង។
ដោយ ៖ ការិយាល័យព័ត៌មាន និងផ្សព្វផ្សាយ