

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ នេះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារអញ្ជើញ ចុះពិនិត្យ ការថែទាំផ្លូវនៅស្រុកព្រៃឈរ និងលទ្ធភាពជួសជុលផ្លូវឡើងវិញ ដែលខូចដោយជំនន់ទឹកភ្លៀង នៅស្រុកបាធាយ ។ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឱ្យដឹងថា ផ្លូវកៅស៊ូ ១ខ្សែប្រវែង ១៣ គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ ប៉ុន្តែស្ថិតនៅក្នុងអំឡុងពេលថែទាំ ។ ជាមួយនឹងការចុះពិនិត្យនេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យអ្នកសាងសង់ ធ្វើរបាំងដែកនៅចំណុចដែលមានប្រឡាយទឹក ដើម្បីការពារគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុពោលគឺ ការពារដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងផងដែរថា បន្ទាប់ពីនោះ ក្រុមការងារបានចុះពិនិត្យមើលផ្លូវក្រាលកៅស៊ូ ១ខ្សែទៀត ស្ថិតនៅក្នុងឃុំសណ្ដែក ស្រុកបាធាយ ដែលរងនូវការខូចខាតដោយសារទឹកជំនន់នាពេលកន្លងមក ។ ដូច្នេះផ្លូវ ១ខ្សែនេះ ត្រូវធ្វើការសិក្សា ពិនិត្យលទ្ធភាពជួសជុលផ្លូវនេះឡើងវិញ ដើម្បីសម្រួលនៅក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ផ្លូវមួយខ្សែនោះពិតជាមានសារៈសំខាន់ណាស់ សម្រាប់សម្រួលដល់ការដឹកជញ្ជូនកសិផល កសិកម្ម ពីតំបន់នោះមកទីប្រជុំជន៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម









