ព្រឹកថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ នៃស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញប្រកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅស្នងការដ្ឋាននគរបាលខេត្ត ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងកោតសរសើរ ដល់កងកម្លាំងទូទាំងខេត្ត ដែលលះបង់កម្លាំងកាយកម្លាំងចិត្តធនធានថវិកា សម្ភារ សេចក្តីសុខផ្ទាល់ខ្លួន ចូលរួមចំណែកបំពេញភារកិច្ច រយៈពេលកន្លងមក សម្រេចបាននូវស្នាដៃ សមិទ្ធិផល ជាបន្តបន្ទាប់ក្រោមម្លប់សាមគ្គីភាព កិច្ចសហការល្អ ស្រមតាមគោលការណ៍ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ។
ទោះបីជាបទល្មើសថយចុះយ៉ាងណាក្តី លោកបានដាស់តឿន ដល់កងកម្លាំងត្រូវបង្កើនការងារផ្សព្វផ្សាយគោលនយោបាយ"ភូម-ឃុំ-សង្កាត់ មានសុវត្ថិភាព" ដល់មហាជន គ្រប់ស្រទាប់វណ្ណៈ តំបន់ងាយរងគ្រោះ ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមអនុវត្ត ឱ្យមានលទ្ធផលល្អប្រសើរ ដើម្បីបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ តាមផែនការយុទ្ធសាស្ត្រដែលបានកំណត់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ។
ជាថ្មីម្តងទៀតលោកស្នងការនគរបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនកងកម្លាំងទាំងអស់ ចូលរួមអនុវត្តជំនាញ យ៉ាងសកម្ម ធ្វើឱ្យបទល្មើសថយចុះជាលំដាប់។
ជាកិច្ចចុងក្រោយ លោកស្នងការ សង្ឃឹមថា កងកម្លាំងត្រូវបន្តពង្រឹងការដឹកនាំបញ្ជា ពង្រឹងកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹងវិធានការជំនាញ និងវិធានការរដ្ឋបាល ពង្រឹងវេនប្រចាំការ ការកសាងអង្គភាព បង្កើនការផ្ដល់សេវា ឱ្យកាន់តែមានប្រសិទ្ធភាព និងចូលរួមដោះស្រាយបញ្ហាប្រឈម ជូនប្រជាពលរដ្ឋ មានតម្លាភាព ប្រកបដោយសុខដុមរមនា ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ