

ព្រៃវែង៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម តូច សេដ្ឋា សមាជិកក្រុមប្រឹក្សាខេត្ត និង លោក លាត ភិរុណ អភិបាលរង ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយពិគ្រោះយោបល់លើការងារផ្តល់សេវា នៅអង្គភាពច្រកចេញចូលតែមួយខេត្ត ការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក និងយន្តការច្រកចេញចូលតែមួយឃុំ-សង្កាត់នៅសាលាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
លោក លាត ភិរុណ អភិបាលរងខេត្ត បានលើកឡើងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស តម្លាភាព និងគណនេយ្យភាព។
លោក អភិបាលរងខេត្ត បន្តថា ការពង្រឹងតួនាទី និងភារកិច្ចរបស់អង្គភាពច្រកចេញចូលតែមួយថ្នាក់ខេត្ត ក្រុង-ស្រុក និងយន្តការឃុំ-សង្កាត់ ក្នុងការសម្រួលដល់ការបំពេញបែបបទរដ្ឋបាលជូនប្រជាពលរដ្ឋ។
ការលើកកម្ពស់ការយកចិត្តទុកដាក់លើសេវាតម្រូវការចាំបាច់របស់ប្រជាជនក្នុងមូលដ្ឋាន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងស្មារតីបម្រើប្រជាពលរដ្ឋ។លោក អភិបាលរងខេត្ត បន្ថែមថា៖ ការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងពេលបំពេញការងារជាក់ស្តែងនៅតាមមូលដ្ឋាន ដើម្បីធានាថាការផ្តល់សេវាមិនមានការយឺតយ៉ាវ។ ការជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជនអំពីនីតិវិធី និងរយៈពេលនៃការទទួលបានសេវានីមួយៗ។
លោក អភិបាលរងខេត្ត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តការងារតាមតួនាទី និងភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាថាការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋប្រព្រឹត្តទៅដោយរលូន តម្លាភាព និងគ្មានការរើសអើង។ ការពង្រឹងសមត្ថភាពដល់មន្ត្រីប្រចាំការនៅតាមការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក និងយន្តការឃុំ-សង្កាត់ ឱ្យយល់ដឹងកាន់តែច្បាស់អំពីបទដ្ឋានគតិយុត្តិ និងនីតិវិធីបច្ចេកទេសថ្មីៗ ដើម្បីកាត់បន្ថយពេលវេលា និងការចំណាយរបស់ប្រជាពលរដ្ឋ៕
ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង









