logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្ត “ផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០)” នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
67
22-May-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ. ជ. អ. ប.បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្ត “ផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០)” នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០២១-២០៣០)។ ពិធីបិទសិក្ខាសាលានេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ទេសរដ្ឋមន្ត្រី ឯកឧត្តម រដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីមកពីក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដោយផ្ទាល់ប្រមាណ៣០០រូប និងតាមរយៈប្រព័ន្ធវីដេអូ Zoom សរុបប្រមាណ៩ពាន់រូប ។


ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានធ្វេីសេចក្តីរាយការណ៍និងរបាយការណ៍ ដោយសង្ខេប អំពីលទ្ធផលនៃសិក្ខាសាលាផ្សព្វផ្សាយស្តីពីផែនការអនុវត្តរយៈពេល៥ឆ្នាំឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) ជូនគណៈអធិបតី និងអង្គពិធីទាំងមូលជ្រាប។


ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ. ជ. អ. ប

បានមានប្រសាសន៍ ថ្លែងអំណរគុណដល់ឯកឧត្តម ទេសរដ្ឋមន្ត្រី ឯកឧត្តម រដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ លោក លោកស្រី តាមបណ្តាក្រសួង អង្គភាព ស្ថាប័ន តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងអស់ដែលបានចូលរួមក្នុងកម្មវិធី សិក្ខាសាលានាពេលនេះ និងតាមរយៈប្រព័ន្ធវីដេអូ Zoom ព្រមទាំងបានសម្តែងនូវការកោតសរសេីរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃលេខាធិការដ្ឋាន គ.ជ.អ.ប. ដែលបានគិតគូររៀបចំឱ្យមានកម្មវិធីសិក្ខាសាលាឡេីងនាពេលនេះ។


បន្ថែមពីនេះ ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានកោតសរសេីរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា នៃ គ.ជ.អ.ប. ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលដែលបានខិតខំចូលរួមអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាកំណែទម្រង់សំខាន់ៗដទៃទៀតរបស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យជាបន្តបន្ទាប់។ ឯកឧត្តម អភិសន្តិបណ្ឌិត បន្តថាផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ នេះគឺជាផែនការសំខាន់សម្រាប់បន្តជំរុញកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត

បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិបន្តពង្រឹងការដឹកនាំ ការសម្របសម្រួល ការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ ព្រមទាំងការតាមដាន វាយតម្លៃ និងគាំទ្របច្ចេកទេស ដើម្បីធានាឱ្យការអនុវត្តផែនការនេះមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពខ្ពស់។ បន្ថែមលើសពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់លើការពង្រឹងតួនាទីរបស់ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យការដឹកនាំ ការគ្រប់គ្រង ការប្រើប្រាស់ធនធាន និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន កាន់តែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយភាពម្ចាស់ការ បរិយាបន្ន និងសមធម៌សង្គម។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំឱ្យបន្តលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ពង្រឹងយន្តការគណនេយ្យភាពសង្គម កែលម្អការដោះស្រាយបណ្តឹងតវ៉ា និងសំណើសំណូមពរ ព្រមទាំងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលព័ត៌មាន ផ្តល់មតិយោបល់ និងចូលរួមតាមដានគុណភាពសេវាសាធារណៈនៅមូលដ្ឋាន។

ជាមួយគ្នានេះ ឯកឧត្តម អភិសន្តិបណ្ឌិត ក៏បានស្នេីដល់សាធារណៈជន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមសុីវិល វិស័យឯកជន អ្នកពាក់ព័ន្ធនានា សូមផ្តល់ការគាំទ្រ ការអនុវត្តផែនការរយៈពេល៥ឆ្នាំនេះ សម្រាប់ដំណាក់កាលទី២នេះ ឱ្យទទួលបានជោគជ័យតាមការរំពឹងទុក សំដៅចូលរួមចំណែកលេីកកម្ពស់ អភិបាលកិច្ចល្អ ជាពិសេសការលេីកកម្ពស់អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាតិ គុណភាព ជីវិតរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូបឱ្យកាន់តែមានភាពល្អប្រសេីរ ។


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ