logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តក្រចេះ ស្នើរដល់យុវជនគ្រប់រូប សូមដាក់ពាក្យចូលរៀននៅ TVET ដើម្បីបង្កើតឱកាសការងារ និងសាងក្តីសង្ឃឹម ជំរុញលើកកម្ពស់ជីវភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកាន់តែប្រសើរឡើង
147
16-June-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តក្រចេះ៖ លោក ភឹម ភីរ៉ា អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ " TVET បង្កើតឱកាសការងារ និងសាងក្តីសង្ឃឹមដល់យុវជន" នៅសាលមហោស្រពខេត្ត នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥។ ដោយមានការចូលរួម ពីលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរង ក្រុង-ស្រុក និង មេឃុំ ចៅសង្កាត់ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត ដៃគូអភិវឌ្ឍន៍ និងសាធារណជនជាច្រើននាក់។


លោក ភឹម ភីរ៉ា អភិបាលរងខេត្ត និងជាប្រធានលេខាធិការខេត្តបានថ្លែងថា ទិវាជាតិអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅថា TVET DAY ត្រូវបានរាជរដ្ឋាភិបាល កំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន និងផ្នែកឯកជន ឱ្យបានយល់ដឹងអំពី សារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្ម ជំនាញ ប្រកបដោយគុណភាពនិងប្រសិទ្ធភាព ឱ្យឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស។


លោកបន្តថា៖ ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍមូលធនមនុស្ស ជាពិសេសការកសាងបាននូវកម្លាំងពលកម្មជំនាញ ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ និងដើម្បីធានាថា “យុវជនម្នាក់ មានជំនាញមួយយ៉ាងតិចប្រចំាជីវិត” រដ្ឋបាលខេត្តតាមរយៈមន្ទីរការងារនិងវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនឦសាន ដែលជាសេនាធិការឱ្យខេត្ត និងដៃគូពាក់ព័ន្ធ បាននិងកំពុងជំរុញការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍន៍ជាតិសំខាន់ៗជាច្រើនប្រកបដោយចីរភាព ។ 


ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានបង្កើតក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ដោយបានដាក់ឱ្យអនុវត្ត កម្មវិធីបណ្ដុះបណ្ដាលថ្មី ផ្អែកលើសមត្ថភាពសម្រាប់គុណវុឌ្ឍិជាតិកម្រិត ១, ២, ៣ និង ៤ សម្រាប់វិស័យអាទិភាព រួមមាន សំណង់ស៊ីវិល មេកានិក អគ្គិសនី និងថាមពល អេឡិចត្រូនិកកម្មន្តសាល បរិក្ខារត្រជាក់ និងកំដៅ និងធុរកិច្ច/ព័ត៌មានវិទ្យាព្រមទាំងរៀបចំដាក់ឱ្យដំណើរការនូវប្រព័ន្ធធ្វើតេស្តសមត្ថភាព និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ការសិក្សាពីមុនដែលនឹងធ្វើសមាហរណកម្ម អ្នកបានទទួលការបណ្តុះបណ្តាលគ្រប់ប្រភេទទាំងមុន និងក្រោយចូលធ្វើការងារ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ការពង្រឹងសមត្ថភាពគ្រូ និងគុណភាពបណ្តុះបណ្តាលត្រូវបានយកចិត្តទុកដាក់ជាអាទិភាព ដែលបច្ចុប្បន្នវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ត្រូវបានទទួលស្គាល់គុណភាព ISO ៩០០១-២០១៥ ពីអង្គការស្តង់ដារអន្តរជាតិISO៕


ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ