logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តក្រចេះ បើកវគ្គបណ្តុះបណ្តាលស្តីពី ការបង្ការទប់ស្កាត់ និងការឆ្លើយតបចំពោះការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារ លើប្រព័ន្ធអនឡាញ
123
09-December-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តក្រចេះ៖ នៅថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំមេគង្គ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី តុងហ៊ុយ អគ្គលេខាធិការរង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងលោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ លោកជំទាវ ខាំ សុភាព អភិបាលរងខេត្ត និងលោក ណេង វណ្ណៈ អ្នកសម្របសម្រួលកម្មវិធីតំណាងអង្គការAPPLE អញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាលស្តីពី ការបង្ការទប់ស្កាត់ និងការឆ្លើយតបចំពោះការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទ កុមារលើប្រព័ន្ធអនឡាញ ដែលរៀបចំដោយអង្គការAPPLE។


លោកជំទាវ ខាំ សុភាព អភិបាលរងខេត្តក្រចេះ មានប្រសាសន៍រាយការណ៍ពីបទល្មើសរំលោភសេពសន្ទវៈ ប៉ុនប៉ងរំលោភប្រទូសកេរ្តិ៍ខ្មាស់ អំពើអាសប្រឆាំងនិងអនីតិជន អំពើនាំឆ្លងដែន និងសញ្ញាកម្ម នៅខេត្តក្រចេះ សម្រាប់ឆ្នាំ២០២៤ រយៈ ០៩ខែ មានបទល្មើសកើតឡើងចំនួន៣៥ករណី លើ ២៦ករណី បើធៀបទៅនឹងឆ្នាំ២០២៣ មានការកើនឡើងចំនួន០៩ ករណី ស្មើរនិង៣៥%។


បើតាមការបញ្ជាក់ពីលោក ណេង វណ្ណៈ អ្នកសម្របសម្រួលនៃអង្គការAPPLE បានឱ្យដឹងថា៖ នៅក្នុងឆ្នាំ២០២៣ សម្រាប់តែអង្គការសកម្មភាពដើម្បីកុមារ (APPLE) គឺបានទទួលការរាយការណ៍ករណីសង្ស័យពាក់ព័ន្ធនឹងការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារ សរុបចំនួន ២៧៨ករណី និងក្នុងឆ្នាំ២០២៤ មានចំនួន១៨៤ករណី នៅទូទាំងប្រទេស ។ ហើយជាការរំពឹងទុកនៃវគ្គបណ្តុះបណ្តាលនាពេលនេះ គឺអ្នកចូលរួមនឹងទទួលបានចំណេះដឹង និងអាចចែករំលែកបន្តដល់ក្រុមគោលដៅនានាក្នុងមូលដ្ឋាន។ 


ឯកឧត្តម ឧត្តមសេនីយ៍ឯក លី តុងហ៊ុយ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានគូសបញ្ជាក់ថា៖ សកលភាវូបនីយកម្ម និងការវិវត្តនៃបច្ចេកវិទ្យាព័ត៌មាន គឺជាមធ្យោបាយដ៏ស័ក្តិសិទ្ធមួយដែលធ្វើឱ្យកុមារ ក៏ដូចជាប្រជាជននៅលើពិភពលោកបានខិតជិតគ្នា និងអាចទំនាក់ទំនងសហការគ្នាយ៉ាងល្អប្រសើរ និងរួមគ្នាដោះស្រាយគ្រប់បញ្ហា រួមទាំងការសិក្សាអប់រំរបស់កុមារ និងយុវវ័យទាំងនៅទីក្រុង និងជនបទ តែចរន្តសកលភាវូបនីយកម្ម និងការវិវត្តនៃបច្ចេកវិទ្យាព័ត៌មាន ក៏មានជ្រុងអវិជ្ជមានមួយចំនួនដែលពាក់ព័ន្ធនឹងការប្រើប្រាស់ខុសគោលដៅ និងដោយមានការជ្រៀតចូលពីក្រុមឧក្រិដ្ឋជន ឆ្លៀតឱកាសទាញយកផលប្រយោជន៍ដោយខុសច្បាប់ និងប្រាសចាកពីគន្លងសីលធម៌ ដោយបង្កើតឱ្យមានការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារ និងឧក្រិដ្ឋកម្មគ្រប់រូបភាពដែលជាទម្រង់ថ្មីមួយកំពុងរាលដាល និងបង្កហានិភ័យខ្ពស់ដល់កុមារនៅលើពិភពលោក រួមទាំងកុមារកម្ពុជាផងដែរ។ 


ឯកឧត្តម ឧត្តមសេនីយ៍ឯកបន្តថា៖ ចំពោះបញ្ហាបទល្មើសជួញដូរមនុស្សនេះ ករណីខ្លះជនបរទេស ដែលជាជនល្មើសបោកប្រាស់ជនជាតិផ្សេង ឬពលរដ្ឋខ្មែរ ហើយករណីខ្លះពួកគេបោកប្រាស់ជនជាតិដូចគ្នា ដោយបញ្ហាជួញដូរ ស្ថិតក្រោមរូបភាពច្រើន ដូចជាការពពោះជំនួស ការគំរាមកំហែង និងសកម្មភាពផ្សេងៗតាមអនឡាញ ការតេតាមទូរស័ព្ទ ឬជួបផ្ទាល់។ ដូច្នេះសូមសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តខិតខំដោះស្រាយ និងទប់ស្កាត់នូវរាល់ទម្រង់ នៃបទល្មើសជួញដូរផ្សេងៗ ដែលមានដូចជាការអប់រំផ្សព្វផ្សាយ និងការទប់ស្កាត់នៅតាមច្រកព្រំដែនជាដើម៕


ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ