logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងសួរសុខទុក្ខសិស្សនាយនគរបាលនិងសិស្សនាយនគរបាលរងនៃវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៩ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៤
96
31-March-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងសួរសុខទុក្ខសិស្សនាយនគរបាលនិងសិស្សនាយនគរបាលរងនៃវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៩ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៤ ក្នុងភូមិសាស្ត្រទឹកដីខេត្តសៀមរាប។


ជាកិច្ចដំបូង ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធាន ក៏បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ដោយស្មារតីទទួល ខុសត្រូវខ្ពស់របស់លោកនាយកសាលានិងមន្រ្តីក្រោមឱវាទ ក្នុងការគ្រប់គ្រងនិងចាត់ចែងដំណើរ ការវគ្គបណ្តុះបណ្តាលនេះ ដើម្បីទទួលបានលទ្ធផលល្អផ្អែកតាមផែនការគ្រប់គ្រងវគ្គ។


ពាក់ព័ន្ធនឹងវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធាន បានឱ្យអង្គពិធីទាំងមូលជ្រាបផងដែរថា ក្នុងយុគសម័យទំនើបដែលបច្ចេកវិទ្យាកំពុងមានការវិវត្តរីកចម្រើនយ៉ាងខ្លាំងនិងក្នុងបរិបទនៃវឌ្ឍនភាពជាតិ ក្រោមដំបូលតេជោសន្តិភាព និងបច្ចុប្បន្នក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្រសួងមហាផ្ទៃ ក្រោមគំនិតដឹកនាំដែលមានការគិតគូរពិចារណាច្បាស់លាស់និងគ្រប់ជ្រុងជ្រោយរបស់សម្ដេចក្រឡាហោម អតីតឧបនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ននេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់តម្លៃនិងអាទិភាពខ្ពស់ដល់ការងារបណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ តាមរយៈការឧបត្ថម្ភក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជានិងសាលានគរបាលជាតិភូមិភាគទាំង៦ ឱ្យស្របទៅនឹងផែនការមេនិងស្ដង់ដាគុណភាពដែលបានកំណត់និងតាមរយៈការចាត់បញ្ជូនថ្នាក់ដឹកនាំ មន្ត្រី និងសិស្សនគរបាលឱ្យមកសិក្សានិងធ្វើសុក្រឹតការជាប់ជាប្រចាំ។


ក្នុងន័យនេះ ទើបរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃជ្រើសរើសមន្រ្តីនគរបាលក្របខ័ណ្ឌថ្មី តាមរយៈការប្រឡងប្រជែងជាបន្តបន្ទាប់ ដើម្បីបន្តវេនកងកម្លាំងនគរបាលជាតិនិងបំពេញបន្ថែមតាមតម្រូវការនៃអង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិ ទាំងក្នុងក្របខ័ណ្ឌរដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ 


ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានគូសបញ្ជាក់បន្ថែមថា ផ្អែកតាមគោលការណ៍ដែលមានចែងក្នុងព្រះរាជក្រឹត្យ ស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា បេក្ខជនទាំងពីរភេទដែលបានប្រឡងជាប់ជាស្ថាពរទាំងអស់ ចាំបាច់ត្រូវតែឆ្លងកាត់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា មុននឹងចេញទៅបម្រើការ នៅតាមអង្គភាពនានា ក្នុងទូទាំងប្រទេស។ ដូច្នេះហើយ ទើបមានវគ្គបណ្តុះបណ្តាលនេះសម្រាប់ប្អូនៗទាំងអស់គ្នានាពេលនេះ។ 


ជាចុងក្រោយ ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធាន ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់សិស្សនាយនគរបាលនិងនាយនគរបាលរងដូចខាងក្រោម៖ 

- ត្រូវគោរពឱ្យបាននូវរាល់បទប្បញ្ញត្តិនានា ដែលមានចែងក្នុងបទបញ្ជាផ្ទៃក្នុងសិក្ខាកាមនិងសិស្ស

- សិស្សនគរបាលគ្រប់រូប ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ទាំងក្នុងថ្នាក់និងក្រៅថ្នាក់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែង

- ត្រូវមានវត្តមានគ្រប់ពេលសិក្សា ពេលប្រជុំជួរ និងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ទាំងវិន័យសិក្សា ប្រឡង និងស្នាក់នៅ  ការស្លៀកពាក់ កាត់សក់ ការគោរពគំនាប់ ការបើកបរជាដើម និងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានាទាំងក្នុងនិងក្រៅបរិវេណសាលា 

- ពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបទការងារថ្មី ជាមន្ត្រីនគរបាលដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឱ្យថ្នាក់ដឹកនាំផ្តល់ជំនឿទុកចិត្តមកលើខ្លួន។


ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ