

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងកំណត់ផែនការការងារបន្ទាប់របស់ក្រសួង ស្ថាប័ន លើការងារបញ្ចូលសេវាអាទិភាពពាក់ព័ន្ធនឹង MSMEs ទៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ ESB ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួង ស្ថាប័ន។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពការងារបញ្ចូលសេវាពាក់ព័ន្ធ MSMEs មកក្នុងប្រព័ន្ធអេកូឡូស៊ីនៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) និង បិទបញ្ចប់ការងារដំណាក់កាលទី១ ដើម្បីគោរពរាយការណ៍ជូន សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងដើម្បីកំណត់នូវផែនការងារងារសម្រាប់ដំណាក់កាលបន្ទាប់ ជាពិសេសការផ្តល់កិច្ចសហការជូន អង្គភាពសម្របសម្រួលការងារពាក់ព័ន្ធ SMEs (SMEs Coordination Unit) ស្របតាមគោលការណ៍ដ៏ខ្ពង់ខ្ពស់បន្ថែមរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ផងដែរ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ







