logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យតេជោសែនកោះធំ 
122
19-November-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានសហការគ្នា ក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដែលនេះជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃ ជាកាលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ក៏ដូចជាការបង្ខិតសេវាសុខភាពឲ្យកាន់តែជិតប្រជាពលរដ្ឋ បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋទូទៅក្នុងការមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺផ្សេងៗ សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការទទួលបាននូវសេវាសុខាភិបាលប្រកបដោយស្តង់ដារខ្ពស់។


ការថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ព្រមទាំងឯកឧត្តមអភិបាលរងខេត្តអាជ្ញាធរស្រុកកោះធំ និងមន្ទីរពាក់ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យតេជោសែនកោះធំ ស្រុកកោះធំ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។


ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នៅតែបន្តផ្តល់ការយកចិត្តទុកដាក់ និងជំរុញបន្ថែមចលនានៃការប្រឡងប្រណាំងតាមរយៈការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូទាំងក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលត្រូវបានដាក់ឱ្យអនុវត្តដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាឆ្នាំ២០១៨។


ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន រាជរដ្ឋាភិបាលបាននឹងកំពុងផ្តោតទៅលើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន តាមរយៈការដាក់ចេញឲ្យអនុវត្តនូវវិធានការគន្លឹះជាក់ស្តែងរួមមាន ការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជនផងដែរ។


ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យតេជោសែនកោះធំទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការបំរើផ្តល់ជូនសេវាថែទាំព្យាបាល និងខិតខំពន្យល់ជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ អំពីការប្រើប្រាស់អត្ថប្រយោជន៍តាមរយៈបណ្ណ័ ប.ស.ស ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យ និងព្យាបាលជូនអ្នកជំងឺ។ ជាពិសេសត្រូវទទួលយកនូវព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងការផ្តល់ជាគំនិតស្ថាបនា  ត្រូវបង្កើនសកម្មភាពអប់រំសុខភាព ដើម្បីលើកកំពស់គុណភាពក្នុងវិស័យសុខាភិបាលឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។


សូមជម្រាបថា មន្ទីរពេទ្យតេជោសែនកោះធំ តម្លៃជាង១០លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៣ មីនាឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មន្ទីរពេទ្យនេះសាងសង់នៅលើផ្ទៃដីទំហំជាង ១ម៉ឺន៤ពាន់ម៉ែត្រក្រឡា មាន៣អគារ អាចផ្ទុកគ្រែអ្នកជំងឺបាន១៥០គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ មាន សម្ភារៈបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗ ជាមន្ទីរពេទ្យដើរតួនាទីយ៉ាងសំខាន់ក្នុងការ​ផ្តល់សេវាសុខាភិបាល​សាធារណៈជូនដល់ប្រជាពលរដ្ឋជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើក​ដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវផងដែរ។


ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ