logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ​ អញ្ជេីញបិទសិក្ខាសាលាស្តីពីការពង្រឹងប្រសិទ្ធភាពការផ្លាស់ប្តូរព័ត៌មានទាក់ទងនិងការគ្រប់គ្រងសារធាតុគីមីផ្សំ​ជាមួយម្ចាស់ក្រុមហ៊ុន​ រោងចក្រ​ សហគ្រាស
815
27-December-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្តីការក្រសួងមហាផ្ទៃ៖ ព្រឹក​ថ្ងៃ​សុក្រ​​​ ទី២៧ ខែធ្នូ ឆ្នាំ២០២៤​ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ​ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានអញ្ជើញ​ជាអធិបតី​ក្នុងពិធីបិទសិក្ខាសាលាស្តីពីការពង្រឹងប្រសិទ្ធិភាពការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងការគ្រប់គ្រងសារធាតុគីមីផ្សំជាមួយក្រុមហ៊ុន​ រោងចក្រ​ សហគ្រាស​ សិក្ខានេះដែរមានការអញ្ជេីញចូលរួមពី​ ឯកឧត្ដម​ អគ្គលេខាធិការរង​ ឯកឧត្ដម​ ប្រធាន​នាយកដ្ឋាន​ អនុប្រធាន​នាយកដ្ឋាន​ លោកជំទាវ​ លោក​ លោកស្រី​ តំណាងក្រុមហ៊ុន​ រោងច្រក​ សហគ្រាស​ និង​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​រូបផងដែរ។ ជាកិច្ចចាប់ផ្តេីមក្នុងនាមអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកត្តម​ នាយឧត្តមសេនីយ៍ផ្ទាល់ មានក្តីសោមនស្សរីករាយជាទីបំផុត ដែលបាន អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពីការពង្រឹងប្រសិទ្ធភាពការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងការគ្រប់គ្រងសារធាតុគីមីផ្សំ ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស នាឱកាសនេះ។


ជាមួយគ្នានេះ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នជំនាញ និងក្រុមហ៊ុន រោងចក្រ សហគ្រាស ពាក់ព័ន្ធ ដែលឆ្លៀតពេលវេលាដ៏មមាញឹកក្នុងការងាររបស់ខ្លួន អញ្ជើញមកចូល រួមក្នុងកម្មវិធីសិក្ខាសាលានាថ្ងៃនេះ និងសូមធ្វើការកោតសរសើរវាយតម្លៃខ្ពស់ ចំពោះក្រសួង ស្ថាប័ន អង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ ពិសេស ក្នុងក្របខ័ណ្ឌ ក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំទាំងមូល ដែលបាននិងកំពុងអនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវលើការងារគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំនៅក្នុងវិស័យ របស់ខ្លួនស្របតាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងឆន្ទៈដ៏មុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកការងារប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ជាកិច្ចការអាទិភាពមួយក្នុងកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។


ក្នុងឱកាសនេះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍ បានលេីកឡេីងអំពីអនុសាសន៍ណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការឱ្យ បានម៉ឺងម៉ាត់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ សេចក្តីណែនាំនិងបទបញ្ជាពាក់ព័ន្ធនានា ពិសេស បានបង្កើតយន្តការក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងត្រួតពិនិត្យលើការស្នើសុំ នាំចេញនាំចូល ការដឹកជញ្ជូន ការចែកចាយ ការប្រើប្រាស់ និងការរក្សាទុកសារធាតុញៀននិងសារធាតុគីមីផ្សំ សំដៅរួមគ្នាបង្ការទប់ស្កាត់ការលួចបង្វែរសារធាតុគីមីផ្សំពីជំនួញស្របច្បាប់ យកទៅកែច្នៃផលិតគ្រឿងញៀនសំយោគខុស ច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ស្របតាមស្មារតីនៃសិក្ខាសាលាថ្ងៃនេះ និងតួនាទីភារកិច្ចដែលបានកំណត់ ក្នុងនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀននិង សារធាតុគីមីផ្សំ ក្នុងនាមអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន សូមធ្វើការណែនាំដល់ម្ចាស់ ឬ អ្នកទទួលខុសត្រូវក្រុមហ៊ុន រោងចក្រ សហគ្រាសពាក់ព័ន្ធទាំងអស់ ដូចខាងក្រោម៖


១- ត្រូវអនុវត្តកាតព្វកិច្ច និងការទទួលខុសត្រូវក្នុងការស្នើសុំនាំចូល ការចែកចាយ ការប្រើប្រាស់ និងការរក្សាសារធាតុគីមីផ្សំ ឱ្យបានត្រឹមត្រូវ ស្របតាមការណែនាំ និងលក្ខខណ្ឌកំណត់ក្នុងនិយាមនីតិវិធីប្រតិបត្តិ។

២- ត្រូវគ្រប់គ្រង និងប្រើប្រាស់សារធាតុគីមីផ្សំ ឱ្យបានត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស និងគោលការណ៍កំណត់របស់ក្រសួង-ស្ថាប័ន ជំនាញពាក់ព័ន្ធ។

៣- ត្រូវរៀបចំឱ្យមានអ្នកជំនាញបច្ចេកទេសផ្នែកគីមី សម្រាប់គ្រប់គ្រង និងបញ្ជាការប្រើប្រាស់សម្រាប់ចង្វាក់ផលិតកម្មរបស់ខ្លួន។

៤- ត្រូវមានឃ្លាំងរក្សាទុកសារធាតុគីមីផ្សំឱ្យបានត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស និងត្រូវញែកដាច់ដោយឡែកពីគ្នា រវាងសារធាតុគីមីផ្សំ គ្រឿងញៀន និងសារធាតុគីមីផ្សំទូទៅ។

៥- ត្រូវមានការកត់ត្រាច្បាស់លាស់អំពី បរិមាណនាំចូល បរិមាណប្រើប្រាស់ និងបរិមាណនៅសល់សារធាតុគីមីផ្សំក្នុងស្តុក ដើម្បីងាយស្រួលធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់។

៦- ត្រូវមានរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំអំពីការទិញ លក់ និងការប្រើប្រាស់សារធាតុគីមីផ្សំ ផ្ញើមកលេខាធិការដ្ឋាននៃ ក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ និងក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ។

៧- ត្រូវចូលរួមសហការ និងផ្លាស់ប្តូរព័ត៌មានជាប្រចាំជាមួយស្ថាប័ន អង្គភាពអនុវត្តច្បាប់ អំពីការនាំចូល ការដឹកជញ្ជូន ការចែកចាយ និង ការប្រើប្រាស់សារធាតុគីមីផ្សំរបស់ក្រុមហ៊ុន រោងចក្រ សហគ្រាស។


ជាទីបញ្ចប់ និងថ្មីម្តងទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ដែលនឹងចូលមក ដល់នាពេលដ៏ឆាប់ខាងមុខនេះ សូមជួបប្រទះនូវពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លៀតឡើយ ។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ