logo
Header Logo
ព័ត៌មានលម្អិត
thumbnail
មកស្វែងយល់ពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ស្មៀន ឃុំ សង្កាត់
1K
17-December-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ក្រសួងមហាផ្ទៃ បានលម្អិតអំពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ស្មៀនឃុំ សង្កាត់ ដូចបានកំណត់ក្នុងប្រកាស ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០១ ដែល ស្មៀនឃុំ-សង្កាត់ ជាមន្រ្តីស្ថិតក្នុងក្របខ័ណ្ឌលេខាធិការ នៃក្រសួងមហាផ្ទៃ និងតែងតាំងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។


នៅមានប្រជាពលរដ្ឋមួយចំនួនពុំទាន់បានដឹងពីការងាររបស់ស្មៀននៅឡើយទេ ទោះបីជារឿយៗពួកគាត់ស្គាល់ និងបានជួបដើម្បីសុំសេវាមួយចំនួន​ពីស្មៀនក៏យ៉ាងណាក៏​ដោយ។ 


ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ផ្អែកតាមប្រកាសឆ្នាំ២០០១ របស់ក្រសួងមហាផ្ទៃ ស្មៀនជាមន្រ្តីបម្រើការងារ​លើកិច្ចការរដ្ឋបាលមួយចំនួន រួមមាន ទទួល និងពិនិត្យលិខិត ព្រមទាំងឯកសារគ្រប់ប្រភេទដែលផ្ញើមកឃុំ-សង្កាត់, ពិភាក្សាជាមួយមេឃុំ ចៅសង្កាត់អំពីលិខិត និងឯកសារទទួលបាន, ទទួលកត់ត្រាសេចក្តីសម្រេចរបស់ឃុំ- សង្កាត់, ចាត់ចែងការងារតាមការប្រគល់ភារកិច្ចពីមេឃុំ ចៅសង្កាត់, និងជួយមេឃុំ ចៅសង្កាត់ធ្វើរបាយការណ៍ជូនអង្គប្រជុំប្រចាំខែឬប្រជុំពិសេស។  


យោងតាមប្រការ១០ នៃប្រកាសនេះដែរ ស្មៀនឃុំ-សង្កាត់ត្រូវធ្វើជា​សេនាធិការឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់ និងជាតំណាងក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងការធ្វើសេចក្តីសម្រេច និងអនុវត្តសេចក្តីសម្រេចនានា ដោយអនុលោមតាម​ច្បាប់​ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ- សង្កាត់, អនុក្រឹត្យ, ប្រកាស និងលិខិតបទដ្ឋានគតិយុត្តិនានា។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមថា តាមរយៈភារកិច្ចខាងលើនេះហើយដែលស្មៀនត្រូវធានាជួយកិច្ចការមេឃុំ ចៅសង្កាត់ឱ្យប្រព្រឹត្តទៅស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិទាំងឡាយ ពោលគឺមិនមែនឱ្យមេឃុំ ចៅសង្កាត់ រ៉ាប់រងការងារតែឯកឯងនោះឡើយ។ 


ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានពន្យល់ថា «កន្លងមក មានពលរដ្ឋខ្លះគាត់ទៅសុំសេវាពីស្មៀន ដោយច្រឡំថាស្មៀន​មានតួនាទីត្រឹមតែសរសេរឯកសារ ឬបោះត្រាលើហត្ថលេខាមេឃុំ ចៅសង្កាត់តែប៉ុណ្ណោះ។ ក្នុងនាមជាមន្រ្តីដែលក្រសួងមហាផ្ទៃតែងតាំង ស្មៀនត្រូវជួយការងារឃុំ-សង្កាត់ឱ្យបានត្រឹមត្រូវ និងស្របច្បាប់។ មេឃុំ ចៅសង្កាត់ អាចមានការផ្លាស់ប្ដូរគ្រប់អាណត្តិ ហើយកម្រិតយល់ដឹងក៏ខុសគ្នា។ ដូច្នេះស្មៀនចាំសម្របសម្រួលការងារជាប្រចាំ លើកលែងតែក្រសួង ឬថ្នាក់លើសម្រេចផ្លាស់ប្ដូរគាត់តាមករណីផ្សេងៗ។ មួយវិញទៀត តាមច្បាប់គឺស្មៀនមិនធ្វើការថ្ងៃឈប់សម្រាកទេ ហើយស្មៀន​មានតែម្នាក់គត់ក្នុងមួយឃុំ សង្កាត់ ដូច្នេះក៏សូមពលរដ្ឋមានការយោគយល់ និងអាចទាក់ទងសួរនាំព័ត៌មានជាមុនតាមមធ្យោបាយផ្សេងៗ»។ 


ប្រកាសក្រសួងមហាផ្ទៃ ក៏បានកំណត់បន្ថែមអំពីការអនុវត្ត និងការតាមដានត្រួតពិនិត្យរបស់ស្មៀន ដោយស្មៀនត្រូវជួយដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និងមេឃុំ ចៅសង្កាត់ ​ដើម្បីធានាឱ្យមានការអនុវត្តរាល់​សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងគណៈកម្មាធិការឱ្យ​បានតឹងរឹងបំផុតស្របតាមច្បាប់ និងនីតិវិធី។ ស្មៀនត្រូវតាមដាន និងត្រួតពិនិត្យមើលការរីកចម្រើនក្នុងការអនុវត្តសេចក្តីសម្រេចទាំងនេះ និងត្រូវរៀបចំសេចក្តីរាយការណ៍ប្រចាំខែ។ ក្រៅពីនោះ ស្មៀនក៏ត្រូវជួយ​ដល់គណៈកម្មាធិការនានា ដើម្បីធ្វើសេចក្តីរាយការណ៍ប្រចាំខែ ស្តីពីការរីកចម្រើននៃសកម្មភាពរបស់គណៈកម្មាធិការជូនក្រុមប្រឹក្សាឃុំ សង្កាត់៕ 


ប្រភព៖ កញ្ញា សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ