ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី បរិវត្តកម្មយេនឌ័រ និងការធ្វេីស្ថាប័នូបនីយកម្មយេនឌ័រ។ ពិធីបិទវគ្គនេះដែរក៏មានការអញ្ជេីញចូលរួមពី លោកជំទាវ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ព្រមទាំង សមាជិក សមាជិកា មកពីបណ្តារាជធានីចំនួន២៣ សរុបប្រមាណ១៦៥រូប ស្រ្តី១៤៥រូប ។
មានប្រសាសន៍នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះដែរ លោកជំទាវ រដ្ឋលេខាធិការ បានលេីកឡេីងថារាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក “ស្ត្រី ជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ”។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោម ការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបានកំណត់យកអាទិភាព គន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍន៍មូលធនមនុស្ស គឺជាលក្ខខណ្ឌចាំបាច់ ដែលមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងមានភាពធន់។ លោកជំទាវបានបន្តថា ការចូលរួមរបស់ស្ត្រី នៅក្នុងវិស័យសាធារណៈ នយោបាយ និងការធ្វើសេចក្តីសម្រេចនានា គឺពិតជាមានសារៈសំខាន់ក្នុងការជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមជាតិ ឱ្យមានភាពរុងរឿង សម្បូរសប្បាយ ប្រកបដោយសុខដុមនីយកម្ម បរិយាបន្ន និងសមធម៌សង្គម។ លោកជំទាវបានបន្តលេីកដែរថា រាជរដ្ឋាភិបាល កម្ពុជា ពីមួយអាណត្តិ ទៅមួយអាណត្តិទៀត បានបន្តបង្កើនការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ក្នុងរបៀបវារៈកំណើនសេដ្ឋកិច្ច កិច្ចគាំពារសង្គម និងអភិបាលកិច្ចល្អ។ ជាក់ស្តែងផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ (ឆ្នាំ២០២៤-២០២៨) ក៏បានលើក ឡើងនៅក្នុងយុទ្ធសាស្រ្តទី៥ ថា“ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច” ដោយបានប្តេជ្ញាពង្រឹងតួនាទីស្ត្រី តាមរយៈការសម្របសម្រួលក្នុងការអនុវត្តកម្មវិធី និង គំនិតផ្តួចផ្តើមនានា ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងអភិបាលកិច្ច ការបង្កើនចំនួន និងការកសាងសមត្ថភាពរបស់ស្ត្រី ក្នុងមុខតំណែងភាពជាអ្នកដឹកនាំ និងមុខតំណែងវិជ្ជាជីវៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លើសពីនេះ សមភាពយេនឌ័រ ត្រូវបានដាក់បញ្ចូលទៅក្នុងក្របខណ្ឌគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDGs) ក្នុងគោលដៅទី៥ ស្តីពីសមភាព យេនឌ័រ ដែលចែងអំពី “ការធានាបាននូវការចូលរួមយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច និង នយោបាយ”។ នៅក្នុងក្របខណ្ឌកំណែទម្រង់ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ ក៏បានយកចិត្តដាក់លើការលើកកម្ពស់សមភាពយេនឌ័រ ក្នុងភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យសាធារណៈ និងការធ្វើសេចក្តី សម្រេចនានា។
លោកជំទាវ រដ្ឋលេខាធិការបានបន្តថា ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័ររបស់ក្រសួងមហាផ្ទៃ នាពេលកន្លងមក និងឈានទៅបន្តការរៀបចំនូវផែនការយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័រថ្មី គឺ ផែនការយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័ររបស់ក្រសួងមហាផ្ទៃ (ឆ្នាំ២០២៥- ២០២៣០) តម្រូវឱ្យមានយន្តការដឹកនាំ សម្របសម្រួល សហការ គាំទ្រ និងចូលរួមឱ្យបានសកម្មពីក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ ដើម្បីធានាដល់ការអនុវត្តផែនការ សកម្មភាពនីមួយៗ ដែលត្រូវកំណត់ក្នុងផែនការយុទ្ធសាស្ត្រថ្មីនេះ។
ជាថ្មីម្តងទៀតលោកជំទាវ រដ្ឋលេខាធិការក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ ក្រុមការងារក្រសួងកិច្ចការនារី និងតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប ដែលបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា និងស្មារតី ព្រមទាំងបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការសហការរៀបចំនូវវគ្គបណ្តុះបណ្តាល ស្តីពី “បរិវត្តកម្មយេនឌ័រ និងការធ្វើស្ថាប័នូបនីយកម្មយេនឌ័រ” នេះឡើង។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ