

ព្រៃវែង៖ នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលក្រុងព្រៃវែងថ្មី ។
ក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង មានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សាក្រុងព្រៃវែង ជាពិសេស លោក ម៉ននី បណ្ឌិត អតីតអភិបាលក្រុងព្រៃវែង ដែលបានលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងឆន្ទះមនសិការបម្រើឧត្តមប្រយោជន៍ប្រជាជន ក្នុងមូលដ្ឋានក្រុងព្រៃវែង ក្នុងរយៈពេល០២អាណត្តិ កន្លងមក ព្រមជាមួយនឹងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធក្នុងក្រុងព្រៃវែងបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ច ដើម្បីសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឍ រីកចម្រើនប្រកបដោយ ចីរភាព សមធម៌ និងបរិយាប័ន្ន។
ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍បន្តថា ការប្រកាសតែងតាំង អភិបាល នៃគណៈអភិបាលក្រុងព្រៃវែង នាឱកាសនេះ គឺជាការបំពេញរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងការទទួលខុសត្រូវ ដែលជាភារកិច្ចដឹកនាំបន្តដើម្បីឆ្លើយតប នឹងការងារជាសេនាធិការរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត។
សូមជម្រាបជូនថា លោក ចន វៃ ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលក្រុងព្រៃវែង ជំនួស លោក ម៉ននី បណ្ឌិត ដែលត្រូវបានផ្លាស់ប្តូរទៅបំពេញការងារកន្លែងថ្មី។
ជាមួយគ្នានោះផងដែរ ឯកឧត្ដម អភិបាលខេត្ត បានផ្តាំផ្ញើដល់លោកអភិបាល នៃគណៈអភិបាលក្រុងព្រៃវែង ដែលទើបនឹងទទួលមុខតំណែងថ្មីនេះ ត្រូវយកអស់កម្លាំងកាយចិត្តខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនតាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៏ ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍មូលដ្ឋានក្រុងព្រៃវែង ឱ្យកាន់តែរីកចម្រើន និងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ជាពិសេសត្រូវបង្កើន សាមគ្គីភាព ឯកភាពផ្ទៃក្នុង ទំនាក់ទំនង និងកិច្ចសហការល្អ ដើម្បីបន្តនិរន្តរ៍ភាពដឹកនាំការងាររដ្ឋបាលក្រុងព្រៃវែងបន្តទៀត បន្ថែមពីនេះ ត្រូវចុះពិនិត្យមើលការងារនៅមូលដ្ឋាន នៅតាមបណ្តាសង្កាត់ ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានញឹកញាប់ និងពិនិត្យលើការបម្រើសេវាសាធារណៈនៅតាមមូលដ្ឋាន ធ្វើយ៉ាងណាឱ្យការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រព្រឹត្តទៅបានរលូន ឆាប់រហ័ស ទាន់ពេលវេលា មានតម្លាភាព និងប្រកបដោយប្រសិទ្ធភាព៕
ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង





