logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តពោធិ៍សាត់ ណែនាំឱ្យរដ្ឋបាលក្រុង-ស្រុកទាំង៧ ត្រូវជ្រើសរើសឃុំ-សង្កាត់ណាមួយ ដើម្បីត្រៀមប្រកួតប្រជែងជា «ឃុំ-សង្កាត់គំរូ»
159
19-March-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ពោធិ៍សាត់៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដាក់ចេញនូវសេចក្តីណែនាំដ៏មានសារៈសំខាន់មួយ ដល់រដ្ឋបាលក្រុង-ស្រុកទាំង៧ ត្រូវជ្រើសរើសឃុំ-សង្កាត់ណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈប្រកួតប្រជែងជា «ឃុំ-សង្កាត់គំរូ»។


កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត ដោយបានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង-ស្រុកទាំង៧ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។


ឯកឧត្តម ខូយ រីដា បានជម្រាបជូនថា គោលបំណងសំខាន់នៃការប្រកួតប្រជែងខាងលើ គឺដើម្បីលើកកម្ពស់ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ៖ ការរៀបចំបណ្តាញផ្លូវថ្នល់ ការលក់ដូរមិនឱ្យរំលោភលើចិញ្ចើមផ្លូវ និងការសម្របសម្រួលចរាចរណ៍ក្នុងមូលដ្ឋាន។ អនាម័យបរិស្ថានល្អប្រសើរ៖ ការគ្រប់គ្រងកាកសំណល់ ការដាំដើមឈើ និងការកែលម្អសោភ័ណភាពតាមភូមិ-ឃុំ ឱ្យមានភាពស្រស់បំព្រង និងមានខ្យល់អាកាសបរិសុទ្ធ។


ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់យ៉ាងច្បាស់ថា ឯកឧត្តមនឹងអញ្ជើញចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់តាមបណ្តាឃុំ-សង្កាត់ដែលបានជ្រើសរើសទាំងនោះ។ ការចុះពិនិត្យផ្ទាល់នេះ គឺដើម្បីធានានូវតម្លាភាព និងជំរុញឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ពិតប្រាកដ ក្នុងការបម្រើសេវាសាធារណៈ និងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ស្របតាមទិសដៅអភិវឌ្ឍន៍របស់ខេត្ត។


ឯកឧត្តមបានសង្កត់ធ្ងន់ថា ការប្រកួតប្រជែងនេះ មិនមែនធ្វើឡើងត្រឹមតែជាបង្គ្រប់កិច្ចនោះទេ ប៉ុន្តែវាគឺជាការវាស់វែងនូវសមត្ថភាពដឹកនាំ និងការទទួលខុសត្រូវរបស់អភិបាលក្រុង-ស្រុក និងមេឃុំ-ចៅសង្កាត់ ក្នុងការកែប្រែមុខមាត់មូលដ្ឋានរបស់ខ្លួន ឱ្យក្លាយជាទីកន្លែងដែលគួរឱ្យចង់រស់នៅ និងទាក់ទាញភ្ញៀវទេសចរ។


យោងតាមរបៀបវារៈ នៃកិច្ចប្រជុំអង្គពិធីបានពិភាក្សាលើចំណុចគន្លឹះចំនួន៥ រួមមាន៖

ទី១. ការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក៖ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាពដល់អ្នកធ្វើដំណើរ។

ទី២. ការបង្ក្រាបបញ្ហាគ្រឿងញៀន៖ បន្តអនុវត្តវិធានការក្តៅក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍។

ទី៣. ការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»៖ សំដៅធានាឱ្យបាននូវភាពសុខសាន្ត របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ទី៤. ស្ថានភាពសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ៖ តាមដាន និងគ្រប់គ្រងសភាពការណ៍ឱ្យបានហ្មត់ចត់ ដើម្បីរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អ។

ទី៥. របាយការណ៍បញ្ហាប្រឈមរបស់រដ្ឋបាលក្រុង-ស្រុក៖ ការដោះស្រាយបញ្ហាជាក់ស្តែងដែលកើតមានឡើងនៅតាមមូលដ្ឋាននីមួយៗ៕


ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ