

(កំពង់ចាម)៖ អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា សង្ក្រាន្តឆ្នាំនេះមិនត្រឹមតែជាការផ្ដល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យបំផុតក្នុង ការសម្តែងនូវកតញ្ញូតាធម៌ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព។
ឯកឧត្តម អ៊ុន ចាន់ដា បន្តទៀតថា ការរៀបចំសង្ក្រាន្តឆ្នាំនេះ ត្រូវបានរចនាឡើងក្នុងគោលបំណង ថែរក្សាទំនៀមទម្លាប់ និងផ្ដល់ភាពសប្បាយរីករាយ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ទស្សនាការសម្ដែងសិល្បៈ និងបង្កើតនូវអនុស្សាវរីយ៍ល្អៗជាមួយក្រុមគ្រួសារ។ លើសពីនេះគឺជាការបង្ហាញនូវការដឹងគុណចំពោះវីរកងទ័ព ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារសុខសន្តិភាពរបស់ប្រទេស ក៏ដូចជាប្រជាជនកម្ពុជា។ ដូចច្នេះគ្រប់ទីតាំងសង្ក្រាន្ត នឹងមានការរៀបចំផ្ទាំងទស្សនីយភាព ឬការរំលឹកឡើងវិញនូវគុណូបការៈរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានឈរជើងការពារទឹកដី និងរក្សាសេចក្ដីសុខជូនប្រជាជន។
ការលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសដែលឯកឧត្តម អ៊ុន ចាន់ដាបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ចាម» នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នាពេលខាងមុខ។
ក្នុងនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់ផ្នែក ដែលបានរៀបចំតុបតែងលម្អទីក្រុង និងទីតាំងកម្សាន្តនានា ឱ្យមានសោភណភាព។
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម









