ខេត្តឧត្តរមានជ័យ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រួមជាមួយអាជ្ញាធរខេត្តឧត្តរមានជ័យ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន, នាយនគរបាល និងពលនគរបាល ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ សមរភូមិមុខទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ។
នាឱកាសនេះដែរ លោកជំទាវ ជូ ប៊ុនអេង បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏ដូចជាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងទ័ព កងនគរបាលជាតិ យើងដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ពិសេសនៅប្រាសាទតាមាន់។
លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំអមដំណើរ បានរៀបចំពិធីបួងសួង សូមជួយបីបាច់ថែរក្សាដល់កងទ័ព កងនគរបាលជាតិ ឱ្យជួបតែសេចក្តីសុខសេចក្តីចម្រើន និងទទួលបានជ័យជំនះគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន និងបានផ្តាំផ្ញើ ដល់កងទ័ព កងនគរបាលជាតិយើង ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារបូរណៈភាពទឹកដី និងត្រូវថែរក្សាសុខភាពឱ្យបានល្អ ក្នុងពេលបំពេញភារកិច្ចចំពោះមុខតាមខ្សែបន្ទាត់ព្រំដែន ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគបរិភោគ ថ្នាំព្យាបាលជម្ងឺមួយចំនួន និងថវិកាចែកជូនដល់កងទ័ព ក្នុងម្នាក់ៗ ចំនួន ២០,០០០រៀលផងដែរ៕