logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ ប្រគល់ ទទួលដាក់ឱ្យប្រើប្រាស់អគារបណ្ណាល័យ ចំនួន ១ខ្នង
123
11-February-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកោះកុង៖ ថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ ប្រគល់ ទទួលដាក់ឱ្យប្រើប្រាស់អគារបណ្ណាល័យ ចំនួន ១ខ្នង ជាអំណោយរបស់ក្រុមហ៊ុន ឆាយ ណាហិរទានឡូរវីរស្ទឹងឬស្សីជ្រុំ ហាយ ជ្រូ-អេឡិកទ្រិចប្រជេក(ខេមបូឌា)ខម ភេនី លីមីធីត នៅសាលាបឋមសិក្សា ទីរួមខេត្តដោយមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត អគ្គនាយកក្រុមហ៊ុន ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំង ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើនរូបផងដែរ។


លោកជំទាវអភិបាលខេត្ត បានចូលរួមអបអរសាទរ ជាមួយលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់នៅក្នុងសាលាបឋមសិក្សាទីរួមខេត្ត ដែលបានទទួលនូវសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលជាឃ្លាំងចំណេះដឹងដ៏មានសារៈសំខាន់ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសម្រាប់ប្រើប្រាស់ដើម្បីបង្កើនចំណេះដឹង ក្នុងការអាន និងការសិក្សាស្រាវជ្រាវស្វែងយល់ និងអភិវឌ្ឍន៍សមត្ថភាពបន្ថែមនូវចំណេះដឹងថ្មីៗ ជាកត្តាដ៏រឹងមាំក្នុងការកសាងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ដើម្បីប្រែក្លាយទៅជាមូលធនមនុស្សស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា។


លោកជំទាវបានបញ្ជាក់ថា បច្ចុប្បន្ន យើងមានយន្តការការងារពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសការយក ចិត្តទុកដាក់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងស្ថាប័នពាក់ព័ន្ធ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ក៏ដូចជាថ្នាក់ដឹកនាំខេត្តកោះកុង តែងតែយកចិត្តទុកដាក់ខ្លាំងបំផុតលើសុខទុក្ខ និងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ លើសពីនេះការយកចិត្តទុកដាក់ជាពិសេសលើវិស័យអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស ដោយផ្តោតចម្បងលើ “ការអប់រំដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការអប់រំ”។


ក្នុងឱកាសនោះ លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន វារីអគ្គិសនីស្ទឹងឫស្សីជ្រុំ ដែលបានរួមចំណែកយ៉ាងច្រើនជាមួយរាជរដ្ឋាភិបាល ក៏ដូចជាខេត្តកោះកុង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជា និងរួមចំណែកលើកកម្ពស់វិស័យអប់រំតាមរយៈការជួយឧបត្ថម្ភ គាំទ្រជាបន្តបន្ទាប់នូវសមិទ្ធផលនានា ដូចជា ការរៀបចំតារាងបាល់ទាត់ ការរៀបចំបន្ទប់កុំព្យូទ័រ ការបំពាក់បង្គោលសូឡាក្នុងបរិវេណសាលា និងការសាងសង់បណ្ណាល័យ ដែលយើងកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ។


ជាមួយគ្នានេះ លោកជំទាវអំពាវនាវដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ជំរុញ និងបង្កឱកាសដល់សិស្សានុសិស្សទាំងអស់ មាតាបិតា អាណាព្យាបាល និងអ្នកសិក្សានានាប្រើប្រាស់បណ្ណាល័យនេះឱ្យបានជាអតិបរមា និងថែរក្សាឱ្យបានល្អដើម្បីឱ្យសម្បត្តិដ៏មានតម្លៃនេះ អាចបម្រើដល់សិស្សានុសិស្សជំនាន់ ក្រោយៗទៀតបានយូរអង្វែង។


ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ