logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកណ្តាល បិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លី ចំនួន២ភូមិ គឺភូមិត្រពាំងវាល ឃុំជ្រៃលាស់ និងភូមិត្រពាំងរកា ឃុំភ្នំបាត ស្រុកពញាឮ
319
09-January-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី ក្នុងភូមិត្រពាំងវាល ឃុំជ្រៃលាស់ និងភូមិត្រពាំងរកា ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ដែលមានក្បាលដីចំនួន ១,៧៤៨ក្បាលដី ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន​ មុននឹង​ចេញប័ណ្ណកម្មសិទ្ធិជូន។​​ 


លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបានថ្លែងថា៖ នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើតាមដំណាក់កាល គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹងដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និង​បញ្ជីឈ្មោះម្ចាស់ដី។ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យរយៈពេល១៥ ថ្ងៃគឺដើម្បី​ទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងព្រំប្រទល់ក្បាលដី​របស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។ ការផ្តល់សិទ្ធិចំពោះក្បាលដីណា ដែលមិន​​មាន​ទំនាស់ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធិជូន​ម្ចាស់ដី។ 


ជាមួយគ្នានោះលោក អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ក៏បាន​ធ្វើការ​សំណូមពរ ដល់ប្រជា​ពលរដ្ឋត្រូវប្រញាប់​រួសរាន់ទៅពិនិត្យមើល​ការបិទឯកសា​រ នៃការវិនិច្ឆ័​យដីធ្លីដែ​ល មានរយៈពេល១៥ (គិតចា​ប់ពីថ្ងៃទី៨ ខែមករា រហូតដល់​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥) គឺរា​ប់បញ្ជូលទាំ​ងថ្ងៃឈប់សម្រាក ដើ​ម្បីទុកលទ្ធភាពអោយម្ចាស់ដី និងនាក់ពា​ក់ព័ន្ធធ្វើការផ្ទៀងផ្ទា​ត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើ​ការតវ៉ាក្នុង​ករណីមានការខុសឆ្គង បើក្នុងករ​ណីផុតរយៈពេ​លកំណត់នៅកា​របិទផ្សាយបងប្អូន​ប្រជាពលរដ្ឋមិនអា​ចជំទាស់​តវ៉ាបានទៀតឡើយ។ 


ថ្លែងក្នុង​ឱកាសនោះលោក សុខ ពិសិដ្ឋ អភិ​បាលរងស្រុកពញាឮ បាន​លើកឡើងថា៖ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុក ដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃព្រះរាជាណាចក្រកម្ពុជា រហូតឈានដល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និង ស្ថេរភាពសង្គម។ 


លោកអភិបាលរងស្រុក ក៏បានបញ្ជាក់ពីគោលបំណងដ៏សំខាន់នៃការបិទផ្សាយនេះ គឺដើម្បីធានាបាននូវទិន្នន័យឱ្យមានលក្ខណៈត្រឹមត្រូវស្របច្បាប់ដោយទុកឱកាសអោយបងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធទាំងឡាយធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុងឯកសារវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី។ ការជំទាស់តវ៉ាអាចធ្វើបានរយៈពេល ១៥ថ្ងៃចាប់ពីថ្ងៃប្រកាស បិទផ្សាយនេះតទៅហើយក្នុងរយៈពេល ១៥ថ្ងៃនេះគណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដី នឹងនៅប្រចាំការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំងឡាយ ទទួលពាក្យបណ្តឹងដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ។ 


សូមបញ្ជាក់ថា៖ សម្រាប់ទូទាំងខេត្តកណ្តាល បានប្រកាសបិទផ្សាយជាសាធារណៈ ជូនប្រជាពលរដ្ឋបានចំនួន ២៥៧ លើករួចមកហើយសរុបចំនួន ៤៣៦,០៨៦ ក្បាលដី ហើយនេះ គឺជាលើកទី ២៥៨ ។ ដោយឡែកក្រុមទី៧ បាន បិទផ្សាយរួច ចំនួន ១៨លើក ដែលមានចំនួនក្បាលដីសរុប ២៥,០៨៩ ក្បាលដី ហើយនេះគឺជាលើកទី ១៩ ដែលយើង ធ្វើការបិទផ្សាយទិន្នន័យចំនួនសរុប ១,៧៤៨ក្បាលដី នៅភូមិត្រពាំងវាស ឃុំជ្រៃលាស់ និងភូមិត្រពាំងរកា ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល៕


ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ