logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ស្ពឺ ជំរុញឱ្យមន្ត្រីជំនាញបច្ចេកទេសពន្លឿនការស្ថាបនាផ្លូវឡើងទៅកាន់ភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធនានា
176
28-January-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីក្រោមឱវាទចំណុះមន្ទីរអង្គភាពជុំវិញខេត្តចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា និងផ្លូវឡើងទៅកាន់ភ្នំខ្នងផ្សារ ស្ថិតក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ គ្រាដែលមណ្ឌលព័ត៌មាននិងហេដ្ឋារចនាសម្ព័ននានានៅដំណាក់ដំរីរួចរាល់១០០%ហើយ។


ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថាតាមរយៈគម្រោង (និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា)របស់ក្រសួងបរិស្ថានបានបើកការដ្ឋានសាងសង់ផ្លូវចូលទៅភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនដើម្បីបម្រើដល់វិស័យទេសចរណ៍។

ការ​អភិវឌ្ឍតំបន់ព្រៃភ្នំដ៏មានសក្ដានុពល​នេះ ធ្វើឡើងក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅរបស់​ប្រជាសហគមន៍ តាមរយៈការបម្រើសេវាទេសចរណ៍។ជាងនេះការសាងសង់ផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ភ្នំខ្នងផ្សារនេះដែរ ក៏ដើម្បីបម្រើឱ្យគោលដៅ «លំហែបៃតង» តាមការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាលគឺសម្ដេច ហ៊ុន ម៉ាណែត កាលពីអំឡុងដែលសម្តេចបានអញ្ជើញដោយផ្ទាល់ក្នុងការសម្រាកលំហែលើភ្នំខ្នងផ្សារ។

ក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់បន្ថែមថា គម្រោងអភិវឌ្ឍន៍តំបន់ខ្នងផ្សារ នឹងជួយផ្សព្វផ្សាយអំពីការគាំទ្ររបស់រដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចសង្គម និងគោលដៅលំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ ព្រមទាំងជួយជំរុញចលនាទេសចរជាតិនិងអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើន។ហើយការងារនេះនឹងចូលរួមលើកកម្ពស់ជីវភាពពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន តាមរយៈការផ្ដល់សេវាកម្មទេសចរណ៍នានា ដែលទាំងនេះក៏បានចូលរួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាពផងដែរ។


ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងរៀបចំរបៀងគោលដៅលំហែបៃតងនោះដែរ លោកបណ្ឌិតបានក្រើនរំឭកបន្ថែមដល់មន្តី្រជំនាញបច្ចេកទេសទាំងអស់ត្រូវពន្លឿនការសាងសង់ធ្វើយ៉ាងណាអាចស្រូបទាញភ្ញៀវទេសចរណ៍ឱ្យមកលេងកម្សាន្តនិងគយគន់ធម្មជាតិលើភ្នំខ្នងផ្សារបានកាន់តែច្រើន។


សូមបញ្ជាក់ថា ភ្នំខ្នងផ្សារគឺជាតំបន់ព្រៃភ្នំដ៏ធំមួយ ដែលមានទីតាំងប្រសព្វមុំ៣ គឺខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ ភ្នំនេះសម្បូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ ភ្នំខ្នងផ្សារ មានកម្ពស់ប្រហែល១០១៧ម៉ែត្រ ដែលអាចមើលឃើញទេសភាពបាន ៣៦០ដឺក្រេ។មិនតែប៉ុណ្ណោះភ្នំនេះមានទេសភាពស្អាតគ្រប់រដូវកាល និងមានចម្ងាយប្រមាណ១៦៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញនិងជាង៨០គីឡូម៉ែត្រពីខេត្តកំពង់ស្ពឺ។


ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ