ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម កង សុខន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការ បង្ការ ទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន អញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបការចាត់តាំងអនុវត្តផែនការសកម្មភាព របស់គណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លេីកទី៩ ត្រីមាសទី៣ឆ្នាំ២០២៤ ។ ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គស្នងការរង ប្រធាននាកដ្ឋាន និងបណ្តាស្នងការ ស្នងការរងខេត្ត អធិបាល អធិបាលរងខេត្ត មេបញ្ជាការរង ដែលជាអនុប្រធាន និងជាសមាជិកនៃគណៈកម្មការ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម កង សុខន រដ្ឋលេខាធិការ បានមានប្រសាសន៍ក្រើនរំឭកដល់មន្ត្រីពាក់ព័ន្ធទាំងអស់ដែលនៅតាមបណ្តាខេត្តជាប់ព្រំដែនត្រូវតែបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបាននូវលំហូររាល់បញ្ហាគ្រឿងញៀនពីខាងក្រៅចូលមកក្នុងប្រទេសរបស់យេីង ហេីយត្រូវតែដាក់វិធានការដាក់ទោសទណ្ឌឱ្យបានម៉ឺងម៉ាត់ទៅតាមផ្លូវច្បាប់ចំពោះឧក្រិដ្ឋជនទាំងឡាយណាដែលប្រព្រឹត្តបទល្មើស៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ