

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក្រើនរំឭកដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវបន្តដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងតាមដងផ្លូវនៅតាមបណ្ដាក្រុង ស្រុក ឃុំ សង្កាត់ទូទាំងខេត្តបាត់ដំបង។
ប្រសាសន៍ក្រើនរំឭករបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ក្នុងពិធីដាំកូនឈើក្នុងយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមក្នុងក្រុងបាត់ដំបង។ ថ្លែងក្នុងពិធីដាំកូនឈើនៅតាមបណ្ដោយផ្លូវលេខ៥២០ ក្នុងសង្កាត់ស្លាកែត ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ការដាក់ឈ្មោះយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមគឺចង់ឱ្យបងប្អូនប្រជាពលរដ្ឋមានស្មារតីស្រឡាញ់បរិស្ថានបៃតង មានឆន្ទៈចូលរួមដាំដើមឈើ និងថែទាំដើមឈើដែលបានដាំហើយឱ្យបានលូតលាស់ល្អ។
ឯកឧត្តម រំលេចបន្ថែមថា កន្លងមកអាជ្ញាធរក្រុង សង្កាត់ បានខិតខំរំដោះដីចំណីផ្លូវសាធារណៈរបស់រដ្ឋ បើកផ្លូវឱ្យបានទូលាយដើម្បីបម្រើប្រយោជន៍សាធារណៈ និងដាំដើមឈើដើម្បីលើកកម្ពស់សោភណភាពបរិស្ថានបៃតង។ ឯកឧត្តម ក៏បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថាន ត្រូវខិតខំបណ្ដុះកូនឈើព្រៃសម្រាប់ដាំតាមដងផ្លូវសាធារណៈ និងកូនឈើហូបផ្លែចែកជូនប្រជាពលរដ្ឋដាំនៅតាមលំនៅឋាន។
អាជ្ញាធរនិងប្រជាពលរដ្ឋបានបង្ហាញការសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមដែលផ្តួចដើមឡើងដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។ អាជ្ញាធរនិងប្រជាពលរដ្ឋ ចាត់ទុកការដាំដើមឈើពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកាត់បន្ថយកម្ដៅផែនដី លើកកម្ពស់សោភណភាព និងបរិស្ថានបៃតងរបស់ក្រុងបាត់ដំបង។
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង






