logo
Header Logo
ព័ត៌មានលម្អិត
thumbnail
២សប្ដាហ៍ដើមខែកញ្ញា នគរបាលជាតិបានបង្ក្រាបបទល្មើសជាង២០០ករណី នៅទូទាំងប្រទេស
272
17-September-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ក្នុងរយៈពេល២សប្ដាហ៍កន្លងមកនេះ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលជាតិនៃក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានប្រតិបត្តិការបង្ក្រាបបទល្មើសនៅទូទាំងប្រទេស បានចំនួនជាង ២០០ករណី និងបង្រ្កាបល្បែងស៊ីសងជាង ២០ទីតាំង។ នេះបើតាមឯកឧត្តមបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ 


អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ពីចំណែកនៃកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចនគរបាល បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួនជាង៥០ករណី (អំពើហិង្សា ឆបោក លួច ឆក់ ប្លន់ ប្រើប្រាស់អាវុធខុសច្បាប់ និងមនុស្សឃាត) បទល្មើសគ្រឿងញៀនជាង១០០ករណី  បទល្មើសក្មេងទំនើងជាង២០ករណី និងបទល្មើសល្បែងសុីសងជាង២០ទីតាំង ខណៈជនសង្ស័យភាគច្រើនបានបញ្ជូនទៅតុលាការ និងមួយចំនួនតូចបានអប់រំធ្វើកិច្ចសន្យា។  


ឯកឧត្តមបណ្ឌិត ទូច សុឃៈ (សុខៈ) បានចាត់ទុកលទ្ធផលនៃកិច្ចប្រតិបត្តិការនេះថាជាបេសកកម្មស្នូលមួយរបស់មន្រី្តនគរបាលជាតិនៃក្រសួងមហាផ្ទៃ ដែលត្រូវតែអនុវត្តជាចាំបាច់ ដើម្បីថែរក្សាសុខសន្តិភាពសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ខណៈបណ្ដាប្រទេសនានាលើពិភពលោកនេះ សុទ្ធតែបាននឹងកំពុងប្រឈម និងក៏កំពុងដោះស្រាយ តាមច្បាប់និងវិធានការរៀងៗខ្លួនដូចគ្នាដែរ។ 


គួរកត់សម្គាល់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុកដាក់ជំរុញឱ្យអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្នុងនោះកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃបានដើរតួនាទីសំខាន់ក្នុងការធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។


ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញនូវទិសដៅអាទិភាពចំនួន៦ព្រមទាំងបានចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើនការយកចិត្តទុកដាក់ ទប់ស្កាត់ បង្ការ និងបង្រ្កាប នូវរាល់បទល្មើសផ្សេងៗក្នុងសង្គម ស្របតាមទិសស្លោក «អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕ 

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ