

ភ្នំពេញ៖ ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញដឹនាំ កិច្ចប្រជុំ “ បូកសរុបលទ្ធផល ការងារ ប្រចាំខែកក្កដា និងលើកទិសដៅ ខែសីហា ឆ្នាំ២០២៦” របស់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលអភិវឌ្ឍធនធានកីឡាជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឯកឧត្តមអគ្គលេខាធិការរង លោក-លោកស្រី ប្រធាន-អនុប្រធានអង្គភាព លោក-លោកស្រី ប្រតិភូ-ប្រតិភូរង លោកនាយការិយាល័យ និងមន្ត្រីពាក់ព័ន្ធ។
ក្នុងឱកាសនោះ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ មានប្រសាសន៍ថ្លែងអំណរគុណ និងបានវាយតម្លៃខ្ពស់ចំពោះ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញនូវតួនាទីភារកិច្ចតាមមុខងារនីមួយៗដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានលទ្ធផលការងារគួរឱ្យកត់សម្គាល់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ប្រតិភូ-ប្រតិភូរង ត្រូវបន្តតាមដានរាល់សកម្មភាពនានារបស់កីឡាករ-កីឡាការិនីតាមសមាគមនីមួយៗឱ្យបានជាប់លាប់ និងត្រូវមានការសហការល្អជាមួយសហព័ន្ធកីឡាជាតិ ជាពិសេសការត្រៀមលក្ខណៈឱ្យបានកាន់តែរួចរាល់សម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដែលនឹងមកដល់នាខែវិច្ឆិកាខាងមុខ។
ជាទីបញ្ចប់ ឯកឧត្តម សរ សិទ្ធិ មានប្រសាសន៍ផ្ដាំផ្ញើ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីបន្ថែមថា សូមបន្តយកចិត្តទុកដាក់បំពេញភារកិច្ចការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងត្រូវពង្រឹងសាមគ្គីភាពក្នុងអង្គភាពឱ្យបានខ្ចាប់ខ្ចួន៕
ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា









