logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបណ្តាញមន្ត្រីជំនាញអត្រានុកូលដ្ឋាន នៅតំបន់អាស៊ីអាគ្នេយ៍លើកទី២
106
14-January-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងលោកJo Scheuer តំណាងគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ហៅកាត់ UN-ESCAP  បានអញ្ជើញជាគណៈអធិប​តីក្នុងកិច្ចប្រជុំ​បណ្តាញ​មន្ត្រី​ជំនាញ​អត្រានុកូលដ្ឋាន នៅតំបន់អាស៊ីអាគ្នេយ៍លើកទី២ នាសណ្ឋាគារ Raffle Le Royal រាជធានីភ្នំពេញ ដែលមានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤-១៦ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម​ពីតំណាងប្រតិភូមកពីប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេស Papau New Guninea តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលប្រមាណ៨០រូប។


ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះអង្គការ UN-ESCAP និងអង្គការ Vital Strategies ដែលបានគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំនេះជាមួយនិងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃកម្ពុជា។


កិច្ចប្រជុំលើកទី២នេះពិតជាមានសារៈសំខាន់សម្រាប់ប្រទេសចូលរួមទាំងអស់ ក្នុងការចែករំលែក និងទទួលយកនូវបទពិសោធន៍ទៅវិញទៅមក ដើម្បីយកទៅអភិវឌ្ឍន៍ដំណើរការចុះបញ្ជីអត្តសញ្ញាណកម្មនៅប្រទេសរបស់ខ្លួនឱ្យបានកាន់តែប្រសើរ។សម្រាប់ប្រទេសកម្ពុជា បានកំណត់នូវអាទិភាពលើការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ជារួមគឺក្របខ័ណ្ឌនៃកំណែទម្រង់ការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មសម្រាប់រយៈពេលវែង ក្នុងនោះរួមមានៈ

១- ការបង្កើតឡើងនូវអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៅ ឆ្នាំ២០១៤ ដែលប្រមូលផ្តុំការងារជំនាញពាក់ព័ន្ធគ្នា ឱ្យស្ថិតនៅក្រោមប្រព័ន្ធគ្រប់គ្រងតែមួយ 

២- ការដាក់ឱ្យ អនុវត្តផែនការយុទ្ធសាស្ត្រ​ជាតិស្តីពីអត្តសញ្ញាណកម្មរយៈពេល១០ឆ្នាំ (ឆ្នាំ២០១៧-២០២៦) របស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បីពង្រឹងប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម សំដៅសម្រេចឱ្យបាននូវគោលដៅ បុគ្គល គ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ” និង “បុគ្គលម្នាក់មានអត្តសញ្ញាណតែមួយ” និង

៣- ការប្រកាសឱ្យ ប្រើប្រាស់ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ។


ទន្ទឹមនឹងនេះ ព្រះរាជាណាចក្រកម្ពុជា ដែលមានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជាសេនាធិការ បាននឹងកំពុងរៀបចំតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តិនៅក្រោមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មចំនួនជាង២០ ដើម្បីធានាឱ្យការអនុវត្តច្បាប់ទទួលបានប្រសិទ្ធភាពខ្ពស់។ សមិទ្ធផលថ្មីដ៏មានសារសំខាន់ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីការងារអត្រានុកូលដ្ឋាន និងជាផ្នែកមួយនៃការអនុវត្តច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្រេចគោលដៅតំបន់ និងគោលដៅសកល (ដូចមានចែងក្នុងផែនការសកម្មភាព នៃគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ សម្រាប់ការចុះបញ្ជីអត្រានុកូលដ្ឋាន (UN-ESCAP) និងក្របខណ្ឌផែនការសកម្មភាពតំបន់ស្តីពីស្ថិតិអត្រានុកូលដ្ឋានក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ)។ ជាក់ស្តែងទាំង “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ការកសាង និងការ ការពារមាតុភូមិ ២០២៣-២០២៨” និងទាំង “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាល បានផ្តល់អាទិភាពលើការជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម និងច្បាប់ស្តីពីអត្រានុ កូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ឱ្យសម្រេចបានជោគជ័យដូចការគ្រោងទុក។ឯកឧត្តមបណ្ឌិត សូមកោតសរសើរដ៏ស្មោះចំពោះ​អង្គការជាដៃគូទាំងអស់ ដែលបានសហការរៀបចំ និងសម្របសម្រួលកិច្ចប្រជុំដ៏ មានសារសំខាន់នេះ ដែលជាវេទិកាមួយបង្ហាញអំពីចំណុចស្នូលសំខាន់ៗ ដើម្បីរួមចំណែកក្នុងការត្រួសត្រាយ ផ្លូវរួមគ្នាក្នុងតំបន់លើការកែលម្អ និងពង្រឹងប្រព័ន្ធការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន រួមមាន៖

១- កំណត់នូវអាទិភាពនានាដែលជាកង្វល់របស់មន្ត្រីអត្រានុកូលដ្ឋាន 

២- ចែករំលែកនូវបទពិសោធការ អនុវត្តការងារ បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីឱ្យប្រទេសក្នុងតំបន់អាចចាកចេញពីការចុះបញ្ជីដោយដៃ ឈានទៅការចុះបញ្ជីតាមប្រព័ន្ធឌីជីថលវិញ និង និង

៣- ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់លើការងារអត្រា នុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ដើម្បីពង្រីកសក្តានុពលជារួមនៅតំបន់អាស៊ីអាគ្នេយ៍។ក្នុងនាម អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ឯកឧត្តម សង្ឃឹមជឿជាក់យ៉ាងមុតមាំថា តំណាងប្រទេស និងអង្គការដៃគូទាំងអស់ចូលរួមយ៉ាងសកម្ម និងចែករំលែក នូវបទពិសោធក្នុងការអនុវត្តការងារក្នុងប្រទេសរៀងៗខ្លួន ដើម្បីឱ្យកិច្ចប្រជុំរយៈពេល ៣ថ្ងៃនេះ ទទួលនូវលទ្ធផលល្អ ដូចបានគ្រោងទុក៕


ដោយៈ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ