នៅព្រឹកថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាសហប្រធានគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយ ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពជូនដល់ថ្នាក់ដឹកនាំ និងនិស្សិតនាយនគរបាលបន្តវេន នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមន្ត្រីជំនាញ ប.ស.ស.និងថ្នាក់ដឹកនាំបណ្ឌិត្យសភា សាស្ត្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រីនគរបាល និងនិស្សិតនាយនគរបាលបន្តវេន នៅអគារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ B) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភា បានគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ បានចេញអនុក្រឹត្យលេខ ៣០៤ អនក្រ.បក ស្តីពីការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់និស្សិតនិងសិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា តាមសំណើរបស់ក្រសួងមហាផ្ទៃ។ ឯកឧត្តម នាយឧត្តមសេនីយ៍ក៏បានគោរពថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានគាំទ្រ និងធ្វើកិច្ចសហការល្អជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ព្រមទាំងបានអរគុណចំពោះមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានបេឡាជាតិសន្តិសុខសង្គម ដែលបានចូលរួមសហការល្អក្នុងការចេញប័ណ្ណប.ស.ស.ជូនសាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងនិស្សិតនាយនគរបាលជាតិបន្តវេនរបស់បណ្ឌិត្យសភាចាប់ពីពេលនេះតទៅ។ ជាពិសេស ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានសម្តែងនូវការកោតសរសើរចំពោះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងបុគ្គលិក ដែលបានខិតខំអនុវត្តការងារប្រកបដោយស្មារតីទំនួលខុសត្រូវខ្ពស់ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងទាន់ពេលវេលា។
ឯកឧត្តម នាយឧត្តមសេនីយ៍ប្រធាន បានថ្លែងបញ្ជាក់ថា កិច្ចសហការល្អរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងបណ្ឌិត្យសភានគរបាលនៃក្រសួងមហាផ្ទៃ គឺជាសក្ខីភាពបង្ហាញអំពីការផ្ដល់តម្លៃ និងផ្ដល់អាទិភាពខ្ពស់ដល់ការងាររបស់បណ្ឌិត្យសភានគរបាលកម្ពុជា លើការបណ្ដុះបណ្ដាលកងកម្លាំង ជាពិសេស ជាការលើកទឹកចិត្តដល់និស្សិតនាយនគរបាលបន្តវេននិងសិស្សនគរបាលដោយផ្ទាល់ ក្នុងការកាត់បន្ថយការចំណាយនានាលើការព្យាបាលជំងឺ ដែលកើតឡើងជាយថាហេតុក្នុងអំឡុងពេលនៃការសិក្សា។ ឥឡូវនេះ ដោយសារមានកិច្ចសហប្រតិបត្តិការល្អ បណ្ឌិត្យសភាទទួលបានប័ណ្ណ ប.ស.ស. សម្រាប់និស្សិតចំនួន៧០០នាក់ហើយ និងបន្តចេញជាបន្តបន្ទាប់ទៀត៕
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា