

ព្រៃវែង៖ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តបានមានប្រសាសន៍ថា ដើមឈើមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សសត្វ និងផែនដី ក្នុងការទាក់ទាញនៅទឹកភ្លៀង កាត់បន្ថយកំដៅ និងផ្តល់ជម្រកសត្វ ផ្តល់ឈើសម្រាប់ប្រើប្រាស់ ជួយរក្សាលំនឹងនៃ សីតុណ្ហភាព ជួយបន្សុទ្ធបរិយាកាស ជារបាំងខ្យល់ព្យុះ ជួយទប់ទឹកជំនន់ និងធ្វើឲ្យដីមានជីជាតិ, ជួយទាកទាញទឹកភ្លៀង ការពារសំណ៌កដីជាដើម។ល។
ឯកឧត្តមមានប្រសាសន៍បែបនេះ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ក្នុងឱកាស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីដាំកូនឈើ ក្រោមប្រធានបទ «មនុស្សម្នាក់ ដើមឈើមួយដើម» នៅវត្តពោធិរតនារាម(ហៅវត្តត្នោត) ក្នុងស្រុកពោធិ៍រៀង ដែលស្ថិតនៅក្នុងបរិវេណវត្តរតនារាម(ហៅវត្តត្នោត) ក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការដាំដើមឈើ គឺជាសកម្មភាពដែលយើងទាំងអស់គ្នាត្រូវចូលរួម និងអភិរក្សប្រភពធនធាន ដ៏សំខាន់នេះឱ្យបានគង់វង្ស ដើម្បីជម្រុញការអភិវឌ្ឍន៍តំបន់បៃតងនៅតាម បណ្តាក្រុង ស្រុកនីមួយៗ និងលើកទឹកចិត្តឱ្យមានយុទ្ធនាការដាំដើមឈើក្រោមប្រធានបទ «មនុស្សម្នាក់ ដើមឈើមួយដើម»។ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវ ដល់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួម ដាំដើមឈើនៅតាមទីវត្តអារាម និងនៅតាមផ្ទះឱ្យបានគ្រប់គ្នាៗ ដើម្បីចូលរួមចំណែក ក្នុងការបង្កើន នៅបរិស្ថាននៅតាមទីវត្តអារាម និងនៅតាមផ្ទះ ក៏ដូចជាការចូលរួមចំណែកកាត់បន្ថយការកើនឡើងនូវកំដៅនៅលើផែនដីយើងនេះផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង




