logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ក្នុងរយៈពេលពីរសប្ដាហ៍ គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពផ្សព្វផ្សាយបានជិត៦ពាន់លើក និងមានពលរដ្ឋចូលរួមជាង២សែននាក់
971
16-December-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ត្រឹមរយៈពេល២សប្ដាហ៍នៃខែធ្នូ ឆ្នាំ២០២៤នេះ មន្រ្តីពាក់ព័ន្ធបានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាពយ៉ាងសកម្ម ដោយរៀបចំបានចំនួន៥,៩៧៧លើកនៅទូទាំងប្រទេស និងមានអ្នកចូលរួមប្រមាណ២៥៥,៥២៩នាក់។ នេះបើតាមប្រសាសន៍ ឯកឧត្តមបណ្ឌិត ទូច សុឃៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២៤នេះ។ 


ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា សកម្មភាពនៃការផ្សព្វផ្សាយទាំងនោះ ភាគច្រើនបានធ្វើឡើងនៅតាមវេទិកាសាធារណៈ និងកម្មវិធីជួបជុំផ្សព្វផ្សាយតាមខ្នងផ្ទះប្រជាពលរដ្ឋ ដោយមានការចូលរួមផ្សព្វផ្សាយ ពីថ្នាក់ដឹកនាំ និងមន្រ្តីរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ជាពិសេសមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល។ 


ឯកឧត្តមបណ្ឌិត បានអះអាងថា នៅពេលប្រជាពលរដ្ឋបានយល់ដឹងពីសារៈសំខាន់នៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព  នោះប្រជាពលរដ្ឋនឹងចូលរួមគាំទ្រការអនុវត្តលក្ខណៈសម្បត្តិទាំង៧នៃគោលនយោបាយ ជាអាទិ៍ និងចូលរួមរាយការណ៍អំពីករណីបទល្មើសនានា ដូចជាករណីលួច ករណីគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ជាដើម។  


គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព មានលក្ខណៈសម្បត្តិ៧យ៉ាង ដោយកំណត់អំពីការងារសំខាន់ៗពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃប្រជាពលរដ្ឋ ដូចជាការទប់ស្កាត់បទល្មើសក្នុងសង្គម ការផ្ដល់សេវាសាធារណៈ ការងារអនាម័យនិងបរិស្ថាន ការទប់ស្កាត់គ្រោះថ្នាក់សង្គមលើពលរដ្ឋ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាដើម។ 


គោលនយោបាយនេះ ជាមរតកនៃការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បន្តប្ដេជ្ញាចិត្តពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយនេះ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕ 


ប្រភព៖សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ