

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានទទួលបដិសណ្ឋារកិច្ច ឯកឧត្ដម ដូមីនីក វិលលៀមស៍ ឯកអគ្គរដ្ឋទូត ចក្រភពអងគ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។
នាឱកាសឯនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល ខេត្ត ក៏បានជម្រាបជូន ឯកឧត្ដម ដូមីនីក វិលលៀមស៍ អំពីស្ថានភាពភូមិសាស្រ្ត របស់ខេត្តបន្ទាយមានជ័យ និងផលប៉ះពាល់ពីព្រឹត្តិការណ៍ផ្ទុះអាវុធនាពេលកន្លងមក ដែលបណ្តាលឱ្យមានការខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋ ខូចខាតហេដ្ឋារចនាសម្ព័នសាធារណៈរួមមាន ផ្លូវធ្វើដំណើរ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹក សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ទីតាំងអាជីវកម្ម ទីអារាមសាសនា និងផ្ទៃដីលំនៅដ្ឋាន ដីកសិកម្មជាដើម។ល។
ក្រោយមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ យោធាថៃបានដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុំព័ទ្ធបន្តគ្រប់គ្រងទាំងកម្រោល ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា មានផ្ទះប្រជាពលរដ្ឋចំនួនជាង២ពាន់ខ្នងត្រូវបានបំផ្លាញ និងភូមិចំនួន៦ភូមិ ត្រូវបានយោធាថៃបានដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុំព័ទ្ធយក មិនឱ្យពលរដ្ឋកម្ពុជាចូលរស់នៅឡេីយ។
បន្ទាប់ពីបានស្តាប់ការលេីកឡេីងរបស់អភិបាលខេត្តបន្ទាយមាមជ័យ ឯកឧត្ដម ដូមីនីក វិលលៀមស៍ ឯកអគ្គរដ្ឋទូត ចក្រភពអងគ្លេស ប្រចាំព្រះរាជាណាចក្រ កម្ពុជា ក៏បានបង្ហាញពីក្តីព្រួយបារម្ភចំពោះការផ្ទុះអាវុធនៅតាមព្រំដែននាពេលកន្លងមក ដែលបានធ្វេីឱ្យប៉ះពាល់ដល់អាយុជីវិតពលរដ្ឋ ផ្ទះសំបែង ភូមិឋាន ហេីយពលដ្ឋត្រូវបានជម្លៀកចេញពីលំនៅឋាន ផ្ទះសំបែង ដេីម្បីទៅរកទីតាំងសុវត្ថិភាព។ ក្រោយពីបានចុះពិនិត្យមេីលជាក់ស្តែងតាមជំរុំជនភៀសសឹក លោកគាំទ្រលេីវិស័យអប់រំ សម្រាប់កុមារ ភៀសសឹក ដែលមានការរៀបចំថ្នាក់រៀនបណ្តោះអាសន្នជូនដល់កុមារបានរៀនសូត្រ ហេីយឃេីញពលរដ្ឋរស់នៅទីនោះ ដោយមានការយកចិត្តពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរជាខ្លាំង។
ក្នុងនាមស្ថាតទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម គាំទ្រឱ្យប្រទេសទាំងពីររក្សាសន្តិភាព គោរពនូវបទឈប់បាញ់ ស្វែងរកគ្រប់មធ្យោបាយគាំទ្រឱ្យកម្ពុជាមានសន្តិភាព ជាពិសេសពលរដ្ឋភៀសសឹកឆាប់បានវិលត្រលប់ទៅលំនៅឋានវិញ។ ពាក់ព័ន្ធ ទៅនឹងបទល្មេីសឆបោកតាមប្រព័ន្ធអនឡាញ ឯកឧត្ដម មានការចាប់អារម្មណ៍ និងសង្កេតឃេីញថា ក្នុងប្រទេសថៃ មានទីតាំងឆបោកតាមអនឡាញជាច្រេីនកន្លែង។ ហេីយកម្ពុជាក៏ជាប្រទេសរងគ្រោះដោយបទល្មេីសឆបោកតាមប្រព័ន្ធអនឡាញ និងបានសាទរចំពោះរាជដ្ឋាភិបាលកម្ពុជា ដែលបានបេីកប្រតិបត្តិការបង្ក្រាប ទីតាំងឆបោកតាមប្រព័ន្ធអនឡាញ បានជាបន្តបន្ទាប់៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ







