នៅថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (ឆ្នាំ២០២៤-២០២៨) ដែលបានរៀបចំឡើងនៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។
ឆ្លៀតក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (ឆ្នាំ២០២៤-២០២៨) លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ បានមានប្រសាន៍ថា ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រនេះ ឱ្យទទួលបានជោគជ័យ លោកជំទាវបានផ្តល់អនុសាសន៍ និងសំណើមួយចំនួនដូចខាងក្រោម៖
១. រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវធានាសម្រេចឱ្យបាននូវសូចនាករ និងសកម្មភាពនានា ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្រ្តនេះ តាមរយៈ (១). ផ្សព្វផ្សាយបន្តនូវផែនការយុទ្ធសាស្រ្តស្តីពីការបង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលក្រោមជាតិឱ្យបានទូលំទូលាយនៅតាមរដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ និងដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន (២). រៀបចំផែនការអ្នកបន្តវេនសម្រាប់ស្ត្រីក្នុងមុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈនៅក្នុងរដ្ឋបាលសាមីរបស់ខ្លួន (៣). ផ្តល់វគ្គបណ្តុះបណ្តាលជាកាតព្វកិច្ចស្តីពីការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងសមធម៌សង្គមក្នុងភាពជាអ្នកដឹកនាំបន្តដល់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង (៤). រៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ រួមបញ្ចូលទាំងរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ហើយដាក់បញ្ចូលរបាយការណ៍នេះ ទៅក្នុងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានី ខេត្ត រួចបញ្ជូនមកក្រសួងមហាផ្ទៃ និង ចម្លងជូនលេខាធិការដ្ឋាន គ.ជ.អ.ប. ឱ្យបានទៀងទាត់។
២. ស្នើក្រសួងមហាផ្ទៃ ដឹកនាំ សម្របសម្រួល កៀរគរ គាំទ្រ និងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ដោយមានអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានធនធានមនុស្ស និងសាលាជាតិរដ្ឋបាលមូលដ្ឋាន ជាសេនាធិការក្នុងការដឹកនាំ ការសម្របសម្រួល ការគាំទ្រ និងការជំរុញឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អនុវត្តតាមផែនការសកម្មភាពនានាដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រនេះ ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ត្រូវចាត់ចែងអគ្គនាយកដ្ឋានចំណុះពាក់ព័ន្ធឱ្យទទួលបន្ទុកលើការងារជាក់លាក់ ដូចជា(១).ការពិនិត្យ និងកែសម្រួលលើការរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងការតែងតាំងស្រ្ដីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (២). គាំទ្រ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំអំពីវឌ្ឍនភាព បញ្ហាប្រឈម និងកាលានុវត្តភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តនេះ (៣).ចូលរួមចំណែកក្នុងការគាំទ្រ តាមដានត្រួតពិនិត្យ និងវាយតម្លៃគុណភាពសមត្ថភាពមន្រ្ដីរាជការជាស្រ្ដីនៅរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (៤).រៀបចំនីតិវិធី និងបែបបទរដ្ឋបាលនៃការរៀបចំគោលនយោបាយនៅកម្រិតរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចជា គោលនយោបាយស្តីពីការកំណត់ចំនួនអប្បបរមាសម្រាប់បុគ្គលិកជាស្រ្ដីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីណែនាំស្តីពីការបង្ការ ការទប់ស្កាត់ការបៀតបៀន និងការរើសអើងគ្រប់ទម្រង់ ព្រមទាំងសេចក្តីណែនាំស្តីពីការគ្មានការបៀតបៀនផ្លូវភេទនៅកន្លែងការងារ រួមទាំងរៀបចំគំរូផែនការអ្នកបន្តវេនសម្រាប់ស្រ្តី ដើម្បីឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានភាពងាយស្រួលក្នុងអនុវត្តផែនការយុទ្ធសាស្រ្តនេះ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល (៤). ផ្តល់វគ្គបណ្តុះបណ្តាលជាកាតព្វកិច្ចស្តីពីការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងសមធម៌សង្គមក្នុងភាពជាអ្នកដឹកនាំដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានី ខេត្ត និងគ្រូបង្គោលថ្នាក់រាជធានី ខេត្ត ដើម្បីធ្វើការបណ្តុះបណ្តាលបន្តដល់ថ្នាក់ដឹកនាំ និងបុគ្គលិកនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងផ្តល់វគ្គបណ្ដុះបណ្ដាលដាច់ដោយឡែកសម្រាប់តែមន្ដ្រីរាជការជាស្ដ្រីនូវជំនាញជាក់លាក់មួយចំនួន ដូចជា កិច្ចការរដ្ឋបាល ការគ្រប់គ្រង ភាពជាអ្នកដឹកនាំសម្រាប់ស្រ្ដី ការៀបចំផែនការនិងថវិកា ជំនាញសម្របសម្រួល ការនិយាយជាសាធារណៈ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថល ជាដើម ។
៣. ស្នើក្រសួងកិច្ចការនារី បន្តចូលរួមគាំទ្រ សហការ និងអនុវត្តផែនការយុទ្ធសាស្រ្តនេះ ជាពិសេស គាំទ្រផ្នែកបច្ចេកទេស ដល់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីធានាដល់ការអនុវត្តយុទ្ធសាស្រ្ដនេះឱ្យមានប្រសិទ្ធភាពខ្ពស់ រួមទាំងចូលរួមគាំទ្រ ជំរុញ តាមដាន និងវាយតម្លៃជាប្រចាំនូវវឌ្ឍនភាព បញ្ហាប្រឈម និងកាលានុវត្តភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តនេះ ព្រមទាំងចូលរួមផ្សព្វផ្សាយនូវវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះដល់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ផងដែរ។
៤. ស្នើក្រសួងមុខងារសាធារណៈ បន្តចូលរួមគាំទ្រ និងផ្តល់កិច្ចសហការជាមួយក្រសួង ស្ថាប័ន និង
រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈរៀបចំគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ការអនុវត្តផែនការយុទ្ធសាស្រ្តនេះឱ្យមានប្រសិទ្ធភាពខ្ពស់ រួមទាំងធ្វើការសិក្សា និងពិនិត្យបន្ថែមលើបញ្ហា និងតម្រូវការនានាពាក់ព័ន្ធនឹងការគ្រប់គ្រង ការផ្លាស់ប្តូរ ការជ្រើសរើស និងការតែងតាំងមន្រ្តីនៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីផ្តល់ឱកាស និងលើកទឹកចិត្តដល់មន្រ្តីរាជការជាស្រ្តី ដែលមានសក្តានុពលសម្រាប់បំពេញក្នុងមុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈនៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
៥. ស្នើលេខាធិការដ្ឋាន គ.ជ.អ.ប. ចូលរួមដឹកនាំ សម្របសម្រួល គាំទ្រ កៀរគរ និងជំរុញក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តតាមផែនការសកម្មភាពនានា ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រនេះ តាមរយៈ (១). ពិនិត្យ និងកែសម្រួលលើការរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងការតែងតាំងស្រ្ដីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (២). គាំទ្រ និងជំរុញអនុវត្តផែនការយុទ្ធសាស្រ្តស្តីពីការបង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលក្រោមជាតិ រួមទាំងធ្វើការដឹកនាំ និងសម្របសម្រួលក្នុងការសិក្សាវាយតម្លៃនៅពាក់កណ្តាលដំណាក់កាលនៃការអនុវត្តផែនការយុទ្ធសាស្រ្តនេះ នាចុងឆ្នាំ២០២៦ និងចុងបញ្ចប់ នាចុងឆ្នាំ២០២៨ ឬ ដើមឆ្នាំ ២០២៩ ព្រមទាំងចូលរួមគាំទ្រ តាមដាន ត្រួតពិនិត្យជាប្រចាំលើការអនុវត្តផែនការយុទ្ធសាស្រ្តនេះ រួមទាំងចូលរួមផ្តល់វគ្គបណ្តុះបណ្តាលជាកាតព្វកិច្ចស្តីពីការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងសមធម៌សង្គមក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ ។
៦. ស្នើដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន បន្តគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធានដល់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការរួមចំណែកដល់ការអនុវត្តផែនការយុទ្ធសាស្រ្តនេះ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម ។ ជាមួយគ្នានេះ ស្នើដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ពិនិត្យលទ្ធភាព និងកំណត់យកនូវសកម្មភាពណាមួយនៃផែនការយុទ្ធសាស្ត្រនេះ ដែលស្របទៅនឹងចក្ខុវិស័យ បេសកកម្ម និងសកម្មភាព ជាអាទិភាពរបស់ខ្លួន ដើម្បីអនុវត្តតាមការចាំបាច់ ៕
ក្នុងនាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប និងលោកជំទាវផ្ទាល់ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់តំណាងក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ លេខាធិការដ្ឋាន គ.ជ.អ.ប និងតំណាងISD/GIZ ដែលបានយកចិត្តទុកដាក់អស់ពីកំលាំងកាយ ចិត្ត និងប្រាជ្ញា ព្រមទាំងបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការសហការរៀបចំឱ្យមានសិក្ខាសាលាផ្សព្វផ្សាយនេះឡើង។
ក្នុងឱកាសបិទសិក្ខាសាលាផ្សព្បផ្សាយនេះដែរ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ បានណែនាំដល់អង្គសិក្ខាសាលាទាំងមូលដូចខាងក្រោម៖
1>ផ្សព្វផ្សាយ និងអនុវត្តនូវផែនការយុទ្ធសាស្ត្រនេះ ឱ្យបានទូលំទូលាយ ដើម្បីជាវិធានការជំរុញ និងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលក៏ដូចជាកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។ផែនការយុទ្ធសាស្ត្រស្តីពីការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺជាការចង្អុលបង្ហាញដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ នីមួយៗ ចាំបាច់ត្រូវបង្កើនការផ្សព្វផ្សាយដើម្បីឱ្យមានការយល់ដឹង និងជម្រុញការអនុវត្តឱ្យបានពេញលេញ ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់បុគ្គលិក នៃអង្គភាព មន្ទីរជំនាញពាក់ព័ន្ធ អង្គការសង្គមស៊ិវិល រួមទាំងថ្នាក់ដឹកនាំរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ទន្ទឹមនឹងនេះ ត្រូវរៀបចំឱ្យមានយន្តការជំរុញ គាំទ្រ តាមដាន និងវាយតម្លៃការអនុវត្តព្រមជាមួយនឹងការពង្រឹងការចូលរួមពីដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន។
2>រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំផែនការអ្នកបន្តវេនជាស្ត្រី តាមរយៈការកំណត់ចំនួនអប្បបរមាមន្ត្រីជាស្ត្រី សម្រាប់បំពេញមុខតំណែងនាពេកអនាគត (សំណូមពរថាបើមុខតំណែងស្ត្រីចូលនិវត្ត ត្រូវជំនួសដោយស្ត្រីវិញ)។ ចំពោះអ្នកបន្តវេននេះ ការតែងតាំងមន្ត្រីជាស្ត្រីនេះ ក៏ត្រូវយកចិត្តទុកដាក់គិតគូរជាពិសេសចំពោះមន្ត្រីរាជការជាស្ត្រីដែលមានសក្តានុពល គុណវុឌ្ឍ ឋានន្តរស័ក្តិ និងឧបនិស្ស័យសមស្រប សម្រាប់ទទួលនូវមុខតំណែងនេះផងដែរ។
3>ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវរៀបចំបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ការអភិឌ្ឍសមត្ថភាពមន្ត្រីជាស្ត្រីលើការគ្រប់គ្រង និងជំនាញវិជ្ជាជីវៈឱ្យកាន់តែ ទូលំទូលាយ និងមានការយល់ដឹងជាសាធារណៈដើម្បីប្រែក្លាយកំលាំងពលកម្ម បញ្ញាញាណ និងការចូលរួមដ៏សកម្មរបស់បុរស ស្ត្រី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅមូលដ្ឋានព្រមទាំងកិច្ចអភិវឌ្ឍប្រទេសតាមបែបប្រជាធិបតេយ្យ និងការអភិវឌ្ឍមូលធនមនុស្ស (ការអភិវឌ្ឍសមត្ថភាពស្ត្រីដែលមានសក្តានុពល)។
4>រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំបង្កនូវបរិយាកាសមេត្រីភាព និងលក្ខខ័ណ្ឌអំណោយផលនៅកន្លែងបំពេញការងារដល់មន្ត្រី លក្ខខ័ណ្ឌអំណោយផលដល់មន្ត្រីរាជការទាំងបុរសស្ត្រី តាមរយៈការផ្តល់នូវភាពយោគយល់ និងបត់បែននៅក្នុងម៉ោងបំពេញការងារ ពិសេសស្ត្រីដែលមានផ្ទៃពោះ ឬមានឪពុកម្តាយចាស់ជរា ក្នុងបន្ទុកឬមន្ត្រីរាជការមានកូនតូច។ បន្ថែមពីនេះទៅទៀតត្រូវផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ កិច្ចការពារជនរងគ្រោះ ការបៀតបៀន និងការរើសអើងលើស្ត្រី នូវគ្រប់ទម្រង់ក្នុងន័យដើម្បីលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងសីលធម៌សង្គម។ គោលនយោបាយ ស្តីពីការគ្មានការបៀតបៀនផ្លូវភេទនៅកន្លែងការងារ និងបង្កើតទារកដ្ឋាន។
5>រាជរដ្ឋាភិបាល បានបន្តបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រ្តី នៅក្នុងវិស័យសេដ្ឋកិច្ចអប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីយកអត្ថប្រយោជន៍ភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្ត្រីក្នុងការប្រើសិទ្ធ។
6>យន្តការដឹកនាំ និងសម្របសម្រួលសហការគាំទ្រ និងចូលរួមឱ្យបានសកម្មពីក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (និងរដ្ឋបាលថ្នាក់ក្រោមជាតិ) ត្រូវប្រើប្រាស់ផែនការយុទ្ធសាស្ត្រនេះ ដោយបន្ស៊ីជាមួយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ផែនការកម្មវិធិតាមវិស័យ ផែនការអភិវឌ្ឍប្រចាំឆ្នាំ និងផែនការ៣ឆ្នាំរំកិល របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្រសួងមហាផ្ទៃជាស្ថាប័នសំខាន់ក្នុងការដឹកនាំ សម្របសម្រួល កៀគរគាំទ្រ និងជម្រុញការអនុវត្តផែនការយុទ្ធសាស្ត្រ (អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានធនធានមនុស្ស សាលាជាតិរដ្ឋបាលមូលដ្ឋាន) ដែលជាសេនាធិការក្នុងការដឹកនាំសម្របសម្រួល៖
-ចូលរួមសហការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រនេះឱ្យបានទូលំទូលាយដល់ក្រសួស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ រាជធានី ខេត្ត
-រៀបចំនីតិវិធីបែបបទរដ្ឋបាល ក្នុងការកំណត់ចំនួនអប្បបរមា សម្រាប់បុគ្គលិកជាស្ត្រី ក្នុងមុខតំណែងគ្រប់គ្រង
-រៀបចំផែនការអ្នកបន្តវេន សម្រាប់ស្ត្រី
-រៀបចំកម្មវិធីបណ្តុះបណ្តាល និងផ្តល់វគ្គបណ្តុះបណ្តាលជាកាតព្វកិច្ច ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងសីលធម៌សង្គម
-ផ្តល់ការអភិវឌ្ឍសមត្ថភាព និងវគ្គបណ្តុះបណ្តាលជាសេរីដល់មន្ត្រីរាជការជាស្ត្រី ដែលមានសក្តានុពល (គុណវុឌ្ឍនៃឋាន្តរសក្តិ និងឧបនិស្ស័យសមស្រប) និងការប្រើប្រាស់នូវជំនាញបច្ចេកវិទ្យាឌីជីថល (វាយតម្លៃពីតម្រូវការនៃការអាភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកជាស្ត្រី នៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ) ។
ជាទីបញ្ចប់ លោកជំទាវបានគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាទាំងអស់ សូមទទួលបាននូវភាពរីករាយ និងមានសុវត្ថិភាពក្នុងការស្នាក់នៅ ព្រមទាំងទទួលបានសុខភាពល្អបរិបូណ៌ និងមានសុភមង្គលនៅក្នុងគ្រួសារ និងប្រកាសបិទសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តស្តីពីការបង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (ឆ្នាំ២០២៤-២០២៨) ចាប់ពីពេលនេះតទៅ។
ដោយៈអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ