logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមបង្ហាញផែនទីទឹកដីខ្មែរនៅតំបន់ថ្មដា ដែលត្រូវយោធាថៃឈ្លានពានដោយខុសច្បាប់ ជូនដល់បណ្តាអង្គទូត និងអង្គការអន្តរជាតិ
47
27-March-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា បានអញ្ជើញអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញផែនទីទឹកដីកម្ពុជានៅចំណុចច្រមុះជ្រូក (ផ្លូវបំបែកទៅកោះកុង-កាសុីណូ) ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលត្រូវយោធាថៃ ចូលមករាយបន្លាលួស និងដាក់ទូកុងតឺន័រ ក្រោយកិច្ចព្រមព្រៀងលើបទឈប់បាញ់ ២៧ធ្នូ ឆ្នាំ២០២៥ ដល់ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត ព្រមទាំងអង្គការអន្តរជាតិធំៗ ប្រចាំកម្ពុជា។


គួរឱ្យដឹងថា កាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ យោធាថៃ បានដាក់ទូកុងតឺន័រ បិទផ្លូវ នៅច្រកជ័យជម្នះ តំបន់ថ្មដា ខេត្តពោធិ៍សាត់ ដែលសកម្មភាពនេះគឺជា ការរំលោភ បទឈប់បាញ់ និងអធិបតេយ្យភាពកម្ពុជា។ រហូតដល់ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ០៨.០៣នាទី ដល់ម៉ោង១០:៣០នាទី កងកម្លាំងទាហានថៃ ចាប់ផ្តើមលើកដាក់ទូកុងទីន័រ បន្ថែមពីលេីទូកុងទីន័រចាស់ នៅចំណុចច្រមុះជ្រូក (ផ្លូវបំបែកទៅកោះកុង-កាសុីណូ ) បានចំនួន ៣ទូ ថែមទៀត ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។


ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានតវ៉ាប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលគឃ្លើនគ្រប់គ្រងនៅក្នុង និងជុំវិញតំបន់ជនស៊ីវិលខ្មែរ។ ក្រសួងការបរទេស ព្រួយបារម្ភយ៉ាងខ្លាំងចំពោះអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយសង្កត់ធ្ងន់ថា សកម្មភាពរបស់ភាគីថៃនេះ ជាមូលហេតុធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។


ក្រសួងការបរទេសបានប្រឆាំងជំទាស់យ៉ាងខ្លាំង ចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលកំពុងធ្វើឱ្យមានការកែប្រែនូវបរិយាកាសសន្តិសុខ នៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល តាមរយៈពង្រឹងការគ្រប់គ្រងយោធា និងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្ដែង។ ចំណុចនេះ ក៏រាប់បញ្ចូលទាំងការរាយបន្លាលួស និងដាក់ទូកុងតឺន័រ ព្រមទាំងសកម្មភាពនានា នៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។


សកម្មភាពបំពានរបស់យោធាថៃនៅពេលនេះ បានបង្កក្តីបារម្ភយ៉ាងខ្លាំងចំពោះអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយពុំសមស្របទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងការបរទេស ដោយចាត់ទុកសកម្មភាពនេះ ជាមូលហេតុធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង និងរារាំងដល់ការវិលត្រឡប់របស់ជនស៊ីវិលទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ។


យ៉ាងណាមិញ កម្ពុជាបន្តអំពាវនាវប្រទេសថៃអនុវត្តឱ្យបានពេញលេញ និងស្មោះត្រង់នូវគ្រប់ប្រការទាំងអស់ នៃសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធនានា។ ទន្ទឹមនេះ កម្ពុជាក៏បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍ ព្រំដែនមិនត្រូវ បានកែប្រែដោយប្រើកម្លាំងនោះឡើយ៕


ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ