logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ចាម ជំរុញឱ្យបន្តអភិវឌ្ឍខេត្តប្រកបដោយចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
145
02-September-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានជំរុញឱ្យបន្តជំរុញការអភិវឌ្ឍខេត្តជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តរភាព និងចីរភាព ដោយយកចិត្តទុកដាក់លើការការពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ការបន្សាំនឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងសង្គម សំដៅធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។


ការលើកឡើងនេះធ្វើឡើងក្នុង វេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរផែនការខេត្តកំពង់ចាម។


ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា រដ្ឋបាលខេត្តកំពង់ចាមបានខិតខំជំរុញការអភិវឌ្ឍ និងលើកទឹកចិត្តដល់ការវិនិយោគរបស់វិស័យឯកជន ព្រមទាំងពង្រីកតំបន់សេដ្ឋកិច្ចពិសេសតាមដងទន្លេមេគង្គ។ ទន្ទឹមនឹងនេះ ក៏ជំរុញការធ្វើធុរកិច្ច និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការប្រើប្រាស់ប្រព័ន្ធនវានុវត្តន៍ឌីជីថល និងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីចូលរួមសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។


ឯកឧត្តមអភិបាលខេត្តបានបន្តថា ដើម្បីសម្រេចបាននូវគោលដៅខាងលើ ខេត្តកំពង់ចាមត្រូវការបង្កើនទំហំផលិតផលក្នុងស្រុកសរុប (GDP) ឱ្យស្ថិតក្នុងរង្វង់ ៥,០០០លានដុល្លារអាមេរិក និងធានាឱ្យប្រជាពលរដ្ឋម្នាក់ៗទទួលបានចំណូលជាមធ្យមក្នុងរង្វង់ ៤,០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២៥កន្លងទៅ ខេត្តកំពង់ចាមសម្រេចបានកំណើនសេដ្ឋកិច្ច ៦,១% ដោយមានទំហំសេដ្ឋកិច្ចសរុបប្រមាណ ៣,០៧៦លានដុល្លារអាមេរិក។ សេដ្ឋកិច្ចខេត្តកំពង់ចាមពឹងផ្អែកលើវិស័យសំខាន់ៗចំនួន៣ រួមមាន៖ វិស័យកសិកម្ម មានចំណែកប្រមាណ ៣៩% នៃសេដ្ឋកិច្ចខេត្ត វិស័យឧស្សាហកម្ម មានចំណែកប្រមាណ ៣៣,៤% និង វិស័យសេវាកម្ម មានចំណែកប្រមាណ ២៧,៦%។ដោយឡែក ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ (GDP per capita) ក្នុងខេត្តកំពង់ចាម មានចំនួនប្រមាណ ២,៨៣២ដុល្លារអាមេរិកក្នុងមួយឆ្នាំ៕


ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ