logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ពូជស្រូវ​ជាង​៨តោន ជូនដល់​កសិករ​ដែល​រងគ្រោះដោយគ្រោះរាំងស្ងួត​ និងជំនន់​ទឹកទន្លេមេគង្គ​ នៅស្រុក​ជេីងព្រៃ​
185
22-October-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

កំពង់ចាម៖ នារសៀលថ្ងៃទី​២២ ខែតុលា ឆ្នាំ២០២៤​ នេះ​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធាន​គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម​ និង​ឯកឧត្ដម​ ផេង​ គឹមស្រ៊ុន​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយកពូជស្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុង​ ប្រមាណ​ ៨,៣តោន​​ ផ្តល់ជូនប្រជាកសិករ​ ចំនួន​ ៨៣គ្រួសារ ដែល​រងគ្រោះដោយគ្រោះរាំងស្ងួត​ និងជំនន់​ទឹកទន្លេមេគង្គ​ នៅឃុំចំនួន៣​ ក្នុងស្រុក​ជេីងព្រៃ​។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានសម្រេចផ្តល់នូវពូជស្រូវជាប្រព័ន្ធស្បៀងបម្រុង កម្ពុជាចំនួន ៨.៣០០គីឡូក្រាម​ ជូនដល់បងប្អូនប្រជាកសិករ ៨៣គ្រួសារ ដោយក្នុង ១គ្រួសារ ចំនួន​ ១០០គីឡូក្រាម​ ដើម្បីធ្វើការដាំដុះស្តារឡើងវិញ បន្ទាប់​ពី​រង​គ្រោះ​ដោយគ្រោះរាំងស្ងួត​ និងជំនន់​ទឹកទន្លេមេគង្គ​ នាពេលកន្លងមក​ ព្រមទាំង​ចាត់​មន្ត្រី​ជំនាញ​ឱ្យ​​ចុះ​បង្ហាត់​បង្រៀន​ពី​របៀប​នៃ​ការ​ដាំដុះ​ផងដែរ​។​


ឯកឧត្តមអភិបាលខេត្ត​ បានសង្កត់ធ្ងន់ថា​ ក្រសួង​កសិកម្មបាន​សំរិតសម្រាង​ពូជ​​ជូន​ហើយ​ គឺ​ពូជ​ស្រូវ​ OM5451​ ជា​ពូជ​ដែល​មិន​ប្រកាន់​ចំពោះ​​​រដូវ​កាល​ទេ​ ហើយ​​រយៈពេល​នៃ​ការ​ប្រមូល​​ផល​គឺ​ ៩០ទៅ​៩៥​ថ្ងៃ​ នេះ​ជា​រយៈពេល​ខ្លី​ ដែល​អាច​ទទួល​បាន​ទិន្នផល​ខ្ពស់​ ដូច្នេះនៅពេលដែលបងប្អូនទទួលបានពូជស្រូវនេះហើយ សូមយកទៅធ្វើការដាំដុះ​ឱ្យ​បាន​ទាន់ពេលវេលា ដើម្បី​ស្តារ​ជីវភាពគ្រួសារឡើងវិញ​។


ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បានអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមចំណែកថែរក្សាអនាម័យ លំនៅដ្ឋាន តាមរយៈ ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ដើម្បី ថែទាំសុខភាព កុំឱ្យមានជម្ងឺដង្កាត់ផ្សេងៗកេីតឡេីង​ ដែលនាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ។​


បេីតាម​លោក ស៊ឹម គង់ អភិបាលស្រុកជើងព្រៃ បានឱ្យដឹងថា​ ឃុំចំនួន៣ ដែលត្រូវទទួលស្រូវពូជ នាឱកាសនេះរួមមាន៖​ ឃុំរងគ្រោះរាំងស្ងួត មានចំនួន ២ឃុំ​ គឺឃុំព្រីងជ្រុំ មានចំនួន ២ភូមិ ស្មើនឹង ១០គ្រួសារ​ ផ្ទៃដីខូចខាតចំនួន ៥ហ.ត។​ ឃុំត្រពាំងគរ មានចំនួន ១ភូមិ ស្មើនឹង ៥០គ្រួសារ​ ផ្ទៃដីខូចខាតចំនួន ៣៥ ហ.ត។​ ឃុំរងគ្រោះជំនន់ទឹកទន្លេមេគង្គ ចំនួន ១ឃុំ​ គឺឃុំព្រៃចារ មានចំនួន ២ភូមិ ស្មើនឹង ២៣គ្រួសារ​ ផ្ទៃដីខូចខាតចំនួន ១៦ហ.ត។​ សរុបទាំង ៣ឃុំ គឺមានចំនួន ៥ភូមិ ស្មើនឹង ៨៣គ្រួសារ ដែលមានផ្ទៃដីខូចខាតចំនួន ៥៦ ហ.ត​ ផងដែរ​៕


ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ