logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងបង្ក្រាប់ល្បែងស៊ីសងគ្រប់ប្រភេទ ឱ្យកាន់តែល្អប្រសើរថែមទៀត
94
06-January-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ច កងកម្លាំង​នគរបាល កងកម្លាំង​រាជអាវុធហត្ថ​ និងអាជ្ញាធរខណ្ឌទាំង១៤ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងបង្ក្រាប់ល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ពីក្នុងមូលដ្ឋាន ជាមួយនិងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យកាន់តែល្អប្រសើរថែមទៀត។

  ការណែនាំបែបនេះរបស់ឯកឧត្ដមបានធ្វើឡើងនារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ​២០២៦នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរ​ពាក់ព័ន្ធ​ នៅសាលារាជធានីភ្នំពេញ។

 

 ឯកឧត្ដម​ ឃួង ស្រេង បានលើកឡើងទៀតថា៖ គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ បានបំពេញការងាររបស់ខ្លួនបានល្អប្រសើរហើយ តែយើងមិនត្រូវភ្លេចខ្លួននោះទេ គឺត្រូវរិតបណ្តឹងជាប់ជាប្រចាំ។​ ចំពោះការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) វាជារឿងសំខាន់ដែលរាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុកដាក់ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤​ និងកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដោយត្រូវពិនិត្យឡើងវិញ ទាំងទ្រង់ទ្រាយតូច​ និង​ទ្រង់ទ្រាយធំ។ បើពិនិត្យឃើញមានទីតាំង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គឺត្រូវបង្ក្រាបភ្លាម។ ក្រៅពីបង្ក្រាប ONLINE SCAMSហើយ ល្បែងស៊ីសងគ្រប់ប្រភេទ ដូចជាជល់មាន់ ល្បែង​បៀវ​ អាប៉ោង កន្ទុយលេខ ឆ្នោតឡូតូជាដើម គឺត្រូវតែបង្ក្រាប់ឱ្យអស់ ព្រោះវាប៉ះពាល់ផ្ទាល់នឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

   

ឯកឧត្ដមអភិបាលរាជធានីបានបន្ថែមទៀតថា៖ឥឡូវនេះ ផ្លូវថ្មើជើងចតុមុខ ទទួលបានជោគជ័យយ៉ាងធំធេងសំរាប់រាជធានីភ្នំពេញទៅតាមការចង្អុលណែនាំពីសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី​ នៃ​នៃព្រះរាជាណាចក្រកម្ពុជា​។ ការទទួលបានភាពជោគជ័យនេះ គឺពិតជាបានមកពីការខិតខំប្រឹងប្រែងរបស់កងកម្លាំងនិងអាជ្ញាធររបស់យើងទាំងអស់គ្នា ហើយពិសេសថែមទៀតនោះ គឺការចូលរួមរបស់ប្រជាពលរដ្ឋ។​ ផ្លូវថ្មើជើងចតុមុខ បានធ្វើឱ្យរាជធានីភ្នំពេញ ក្លាយជាគោលដៅទេសចរណ៍ ក្នុងចំណោម២០ប្រទេសលើពីភពលោក។ បន្ថែមពីនេះ សំរាប់ការប្រារព្ធធ្វើពិធីមីទ្ទិញអបអរសាទរ​ ទិវាជ័យជម្នះ ៧មករាស្អែកនេះ ឯកឧត្ដម ឃួង ស្រេង ណែនាំដល់អាជ្ញាធរខណ្ឌ សង្កាត់ បំផុសចលនាប្រជាពលរដ្ឋឱ្យដាក់ទង់ជាតិ និងសំអាតបរិស្ថាននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អស្អាត។

  ក្នុងឱកាសនោះដែរ ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានលើកឡើងថា៖ ការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាបញ្ហាស្មុកស្មាញរបស់កម្លាំងមានសមត្ថកិច្ច ដោយជនល្មើសប្រើប្រាស់យុទ្ធសាស្ត្រចម្រុះដើម្បីឆបោកជនរងគ្រោះដែលមិនសូវយល់ដឹងពីបច្ចេកវិទ្យា។ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា៖  ពាក់ព័ន្ធនិង (ONLINE SCAMS)នេះ កម្លាំងមានសមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការណ៍បង្រ្កាបជាប្រចាំ៕


ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ