ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោកជំទាវ កែ សួនសុភី ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បី សន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធីបតីក្នុងកិច្ចប្រជុំស្តីពីការពង្រឹងរចនាសម្ព័ន្ធ និងរបៀបរបបការងារគណៈកម្មការសាខាសាមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមផងដែរមានលោកជំទាវប្រធានប្រតិបត្តិ អនុប្រធាន សមាជិក សមាជិការគណៈកម្មការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃជាច្រើនរូបទៀត ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង ប្រធានប្រតិបត្តិគណៈកម្មការសាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍ និងរបាយការណ៍ស្តីពី សកម្មភាព និង លទ្ធផលការងារសម្រេចបាន ក្រោយពីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាព គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ។
លោកជំទាវ ប្រធានប្រតិបត្តិគណៈកម្មការសាខា បានគូសបញ្ជាក់ថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គឺជាសមាគមដែលបានបន្តវេនពីសមាគមនារីសង្គ្រោះជាតិកម្ពុជា ដែលត្រូវបានបង្កើតតាំងពីថ្ងៃទី២ ខែឆ្នូ ឆ្នាំ១៩៧៨ ដោយចាប់កំណើតឡើងក្នុងពេលប្រទេសជាតិជួបនូវគ្រោះមហន្តរាយបង្កឡើងដោយរបបប្រល័យពូជសាសន៍ ក្នុងចន្លោះពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩។
ក្រោយថ្ងៃមហាជ័យជំនះជាប្រវត្តិសាស្ត្រ៧ មករា ១៩៧៩ សមាគមនារីបានប្រមូលផ្តុំចងក្រងនារីជាក្រុម និងបំផុសនារីគ្រប់ស្រទាប់រួមគ្នា ជាកម្លាំងដ៏ខ្លាំងក្លាគាំទ្រ និងអនុវត្តគោលការណ៍១១ខ របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងកិច្ចការស្តារកសាង និងការពារមាតុភូមិ ទប់ស្កាត់ការវិលមកវិញនៃរបបប្រល័យពូជសាសន៍ និងបានសហការជាមួយក្រសួង/ស្ថាប័ន និងសមាគមនារីនៃបណ្តាប្រទេសជាមិត្តជាច្រើន ដើម្បីសុំជំនួយសង្គ្រោះបន្ទាន់ជួយដល់នារីដែលកំពុងជួបការលំបាកក្នុងជីវភាព។
នាឱកាសនោះដែរ លោកជំទាវ ជួញ សុឆៃ អនុប្រធានអចិន្ត្រៃយ៍គណៈការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ បានអាននូវសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ការបំពេញបន្ថែមសមាសភាព អនុប្រធានថ្នាក់ប្រតិបត្តិគណៈកម្មការសាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ ព្រមទាំងសេចក្តីសម្រេចស្តីពីការបង្កើតលេខាធិការដ្ឋាននិងការតែងតាំងសមាសភាព លេខាធិការដ្ឋាន នៃគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ។
នាឱកាសដ៍ថ្លៃថ្លានោះ លោកជំទាវ កែ សួនសុភី បានថ្លែងនូវប្រសាសន៍សំណេះសំណាល និងវាយតម្លៃខ្ពស់ ព្រមទាំងសម្តែងនូវការកោតសរសើរដែលបានចូលរួម និងកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចបើទោះបីជាមានការងារមមាញឹកយ៉ាងណាក៏ដោយ។លោកជំទាវ ក៏សូមសម្តែងនូវការអបអរចំពោះការដាក់បញ្ចូល សមាជិការ និងប្រធានដឹកនាំការងារទាំងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុរបស់គណៈកម្មការសាខាសមាគមនារីកម្ពុជាសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃរបស់យើង។
លោកជំទាវ បានលើកឡើងថា បច្ចុប្បន្នស្ត្រីបានសាមគ្គី ស្រាក់ដៃគ្នា ឯកភាពគ្នា ជាធ្លុងមួយរួមចំណែកជាមួយបុរសដោយស្មារតីទទួលខុសត្រូវ រហូតទទួលបានបន្សល់ទុកជាមរតកដ៏ថ្លៃថ្លា វប្បធម៌ ប្រពៃណីយ វប្បធម៌សាសនា ហេដ្ឋានរចនាសម្ព័ន្ធ ជាគ្រឹះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច រីកចម្រើនលូតលាស់ រហូតមកដល់បច្ចុប្បន្ន និងបន្តទៅអនាគត ដូច្នេះយើងត្រូវតែយល់ដឹងឱ្យច្បាស់អំពីអត្ថន័យនៃសមាគមនារីកម្ពុជាសន្តិភាព និងអភិវឌ្ឍន៍ ហើយការចូលរួមក្នុងសមាគម ជាការដឹងគុណ ព្រមទាំងស្គាល់ខ្លួនឯង ហើយក៏ជាការចូលរួមក្នុងសកម្មភាពសង្គមដ៏ធំ។ ការចូលជាសមាជិកសមាគមនារីកម្ពុជាសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ គឺជាការពង្រឹងកម្លាំង សាមគ្គីភាពនារី ភាពអង់អាច និងការកសាងកិត្តិយស កេរ្តិ៍ឈ្មោះ ព្រមទាំងគុណតម្លៃនារីកម្ពុជាឱ្យសាកសមជានារីក្នុងប្រទេសដែលមានខឿនអរិយធម៌ដ៏ល្អផូរផងនៅក្នុងតំបន់ និងលើពិភពលោក។
លោកជំទាវ ក៏បានផ្តល់អនុប្រសាសន៍ដល់លោកជំទាវ លោកស្រី សមាជិការទាំងអស់ ក្នុងបេសកកម្មបន្តពង្រឹងសាមគ្គីភាព រក្សាទំនាក់ទំនងភាពជិតស្និតដល់សមាជិកដទៃទៀត ។ ជាមួយគ្នានេះ យើងទាំងអស់គ្នាត្រូវត្រៀមលក្ខណៈអនុវត្តផែនការ ពង្រឹងសមត្ថភាពតាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល ពិសេសកិច្ចការងារនានាក្នុងមូលដ្ឋានជាដើម៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ