

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ និងឯកឧត្ដម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា បានអញ្ជើញជាធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់សេវាប្រៃសណីរវាងប្រៃសណីកម្ពុជា និងអគ្គនាយកដ្ឋានពន្ធនាគារ។
ពិធីនេះ ក៏មានការចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៧៦។
នាឱកាសនោះ ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ មានប្រសាសន៍ថា «អនុស្សរណៈ នៃការយោគយល់គ្នានាពេលនេះ បានរៀបចំធ្វើឡើងក្នុងគោលបំណងរៀបចំនីតិវិធីសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់សេវាប្រៃសណីយ៍ (សេវាចែកបញ្ញើដល់គោលដៅចុងក្រោយ) នូវលិខិតរដ្ឋបាល ឯកសារគតិយុត្តផ្សេងៗ ពីអគ្គនាយកដ្ឋានពន្ធនាគារ ឱ្យដល់គោលដៅ»។
សូមជម្រាបជូនថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ទាន់ពេលវាលា និងជួយសម្រាលបន្ទុកចំណាយរបស់អគ្គនាយកដ្ឋានពន្ធនាគារ ភាគីទាំង២បានយល់ព្រមបង្កើតអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ធ្វើការសហការក្នុងការបញ្ជូនលិខិតផ្សេងៗដែលមានតម្រូវការក្នុងការប្រើប្រាស់សេវាបញ្ញើរបស់ប្រៃសណីយ៍កម្ពុជា (សេវាចែកបញ្ញើដល់គោលដៅចុងក្រោយ) ជូនដល់អគ្គនាយកដ្ឋានពន្ធនាគារ៕
ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ









