កំពង់ចាម៖ នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានផ្តល់កុំព្យូទ័រយួរដៃ និងថវិកាមួយចំនួន ដល់សិស្សប្រឡងជាប់និទ្ទេសA ចំនួន ២៧នាក់ និងឧបត្ថម្ភគាំទ្រដល់សិស្ស មានពិការភាព នៃវិទ្យាល័យអប់រំពិសេស ដែលជាប់បាក់ឌុបចំនួន ៧នាក់ នៅក្នុងក្រុងកំពង់ចាម ដើម្បីលើកទឹកចិត្ត ដល់ក្មួយៗ សិស្សានុសិស្ស ដែលបានខិតខំរៀនសូត រហូតទទួលបានជោគជ័យ ដែលពិធីនេះត្រូវបានធ្វើឡើង នៅសាលាខេត្តកំពង់ចាម ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា នេះជាការទឹកចិត្ត របស់ឯកឧត្តមផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងសិក្សារបស់ក្មួយៗ ក្នុងរយៈពេល១២ឆ្នាំកន្លងមក ជាពិសេសនៅពេលខាងមុខនេះ ក្មួយៗ នឹងទទួលបានការអនុញ្ញាតពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានចូលជួបសំណេះសំណាលទៀតផង នេះជាកិត្តិយស សម្រាប់ខ្លួនឯង និងមាតា បិតា ឬអាណាព្យាបាល ក៏ដូចជា លោកគ្រូ អ្នកគ្រូ ឬនាយក សាលា និងជាកិត្តិយស សម្រាប់ខេត្តកំពង់ចាមយេីង ផងដែរ ។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ទាំងអស់នេះ គឺជាលទ្ធផលជោគជ័យមួយផ្នែក របស់ក្មួយ ៗ ដែលប្រឡងជាប់ទទួលបានជ័យលាភីលើកនេះ គឺជាការបោះជំហានទទួលបានជ័យជំនះកម្រិត ទី១ ដូច្នេះជំហានបន្ទាប់គឺជាភាពជោគជ័យនៃជីវិត ទី២ គឺការសិក្សាបញ្ចប់នៅកម្រិតឧត្តមសិក្សា ដែលអាចទទួលបាននូវជំនាញ ហើយបន្តយកជ័យជំនះ ទី៣ គឺការបញ្ចប់ការសិក្សារួចហើយ មានការងារធ្វើល្អ ដែលខ្លួនពេញចិត្ត និងទទួលបានប្រាក់ចំណូលខ្ពស់ បន្ទាប់មកទើបរៀបចំ គ្រួសារឱ្យបានល្អ និងសាងសុភមង្គលរបស់ខ្លួនឱ្យបានល្អប្រសើរផងដែរ ។បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរ អប់រំយុវជន និងកីឡា ខេត្តកំពង់ចាម បានឱ្យដឹងថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ នៅទូទាំងខេត្តកំពង់ចាម មានបេក្ខជនមកប្រឡងចំនួន ៨៦៩៣នាក់ បេក្ខជនប្រឡងជាប់ចំនួន ៦៦១០នាក់ ស្មើនឹង ៧៦.០៤% ក្នុងនោះសិស្សប្រឡងជាប់និទ្ទេស A មានចំនួន ១១៥នាក់ ខណៈ បេក្ខជនប្រឡងជាប់និទ្ទេស A នៅទូទាំងប្រទេស មានចំនួន ២២១៦នាក់ ។
គួរបញ្ជាក់ថា រង្វាន់លើកទឹកចិត្តដែលឯកឧត្តមអភិបាលខេត្ត បានផ្តល់ជូនសិស្សប្រឡងជាប់និទ្ទេស A នៅក្នុងក្រុងកំពង់ចាមទាំង ២៧នាក់ ក្នុងម្នាក់ៗ ទទួលបាន កុំព្យូទ័រយួរដៃ (latop) ១ គ្រឿង, និង ថវិកា ចំនួន ១លានរៀល, ព្រមទាំងផ្តល់ជូនសិស្សមានពិការភាព នៃវិទ្យាល័យអប់រំពិសេស ដែល ប្រឡងជាប់បាក់ឌុបចំនួន ៧នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ២លានរៀល រួមនឹងអាហារូបករណ៍ សម្រាប់សិក្សាបន្ត និងឧបត្ថម្ភដល់សាលាវិទ្យាល័យទាំង ៦ ក្នុងក្រុងកំពង់ចាម ដោយក្នុងវិទ្យាល័យ នីមួយៗ ទទួលបានថវិកាចំនួន ១លានរៀល ផងដែរ ៕
ប្រភព៖រដ្ឋបាលខេត្តកំពង់ចាម