

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវាយតម្លៃផលប៉ះពាល់ខូចខាតដោយជំនន់ទឹកភ្លៀង និងរៀបចំផែនការឆ្លើយតបវិស័យកសិកម្មនៅខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពី អភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីកសិកម្មឃុំ ព្រមទាំងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
មានរបាយការណ៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ដំណាំស្រូវនៅទូទាំងខេត្តបាត់ដំបងរងគ្រោះដោយសារជំនន់ទឹកភ្លៀងមានចំនួន១២២ ៣០៩ហិកតា និងខូចខាត ៦៨ ៧៤៣ហិកតា។ ដំណាំសាកវប្បកម្ម និងឧស្សាហកម្មប៉ះពាល់១៥ ៧៨៤ហិកតា និងខូចខាត ៧ ៨១៥ហិកតា។ ប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងប៉ះពាល់៥១ ២២១គ្រួសារ និងខូចខាត ២៩ ៣៧០គ្រួសារ ស្មើនឹង ៩៤ឃុំ សង្កាត់។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក ឃុំ និងមន្ទីរជំនាញពាក់ព័ន្ធឱ្យបន្តចុះវាយតម្លៃ ធ្វើបច្ចុប្បន្នភាព ផលប៉ះពាល់ ខូចខាត និងរៀបចំផែនការស្តារឡើងវិញឱ្យបានជាក់លាក់ ព្រមទាំងកំណត់ឱ្យច្បាស់ពីគ្រួសារដែលរងគ្រោះ ក៏ដូចជាស្ថានភាពដំណាំ និងលទ្ធភាពដាំដុះស្តារឡើងវិញ និងលទ្ធភាពទឹកស្រោចស្រព សម្រាប់សុំគោលការណ៍រាជរដ្ឋាភិបាលដើម្បីពិនិត្យលទ្ធភាពដោះស្រាយផ្តល់គ្រាប់ពូជស្រូវ គ្រាប់ពូជដំណាំរួមផ្សំ និងស្បៀងជូនគ្រួសាររងគ្រោះ និងគ្រួសារខ្វះខាតឱ្យបានទាន់ពេលវេលា ព្រមទាំងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។
ឯកឧត្តម គូសបញ្ជាក់ថា ការវាយតម្លៃផលប៉ះពាល់ឱ្យបានច្បាស់លាស់ និងការឆ្លើយតបឱ្យបានទាន់ពេលវេលា គឺជាមូលដ្ឋានសំខាន់ក្នុងការជួយស្តារជីវភាព និងផលិតកម្មរបស់ប្រជាកសិករដែលរងគ្រោះ៕
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង











