logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវ នៅស្រុកកៀនស្វាយ
216
20-September-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្ដាល៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានសំណូមពរពីប្រជាពលរដ្ឋ ស្ដីពីការព្រួយបារម្ភទឹកហូរដាច់ផ្លូវក្នុងស្រុកកៀនស្វាយ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកកៀនស្វាយ បានចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវ ស្ថិតនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ 


លោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ បានឱ្យដឹងថា៖ ផ្លូវនេះរងការខូចខាតដោយសារទឹកជំនន់ទន្លេមេគង្គហូរច្រោះមានប្រវែងប្រមាណ ៥០ម៉ែត្រ ប៉ុន្តែបច្ចុប្បន្នពុំទាន់មានផលប៉ះពាល់ដល់ដំណាំ សត្វចិញ្ចឹម និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋនោះទេ។ ផ្លូវនេះផ្ដល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋដឹកកសិផលទៅលក់នៅទីផ្សារ និងបម្រើឱ្យប្រជាពលរដ្ឋចំនួន៣៦ គ្រួសារ សម្រាប់ធ្វើដំណើរឆ្លងកាត់ ហើយបន្ទាប់ពីមានការខូចខាតដោយទឹកហូរកាត់ ប្រជាពលរដ្ឋមិនអាចធ្វើដំណើរឆ្លងកាត់ទីនោះបានទេ តែដោយមានការសម្របសម្រួលពីថ្នាក់ស្រុក បានស្នើសុំឱ្យប្រជាពលរដ្ឋធ្វើដំណើរបណ្ដោះអាសន្ននៅផ្លូវឯកជនមួយកន្លែង ក្នុងរដូវវស្សានេះ។ 


មានប្រសាសន៍នាឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានស្នើដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល នៅពេលទឹកស្រកអស់ ស្នើចុះសិក្សាផ្លូវនេះដើម្បីធ្វើស្ពាន និងសាងសង់ជាផ្លូវបេតុងសម្រាប់សម្រួលដល់ការធ្វើដំណើរ និងដឹកកសិផលរបស់ប្រជាពលរដ្ឋ ពិសេសបញ្ចៀសនូវការជនលិចនៅឆ្នាំក្រោយៗបន្តទៀត។ 


ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរស្រុក សូមមានការយកចិត្តទុកដាក់ខ្ពស់ និងតាមដានជាប់ជាប្រចាំ នូវសភាពការណ៍ទឹកជំនន់ក្នុងមូលដ្ឋានរបស់ខ្លួន  ត្រូវធ្វើយ៉ាងណាជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាក្នុងករណីមានគ្រោះអាសន្នណាមួយកើតឡើងជាយថាហេតុ។ ទន្ទឹមនឹងនោះឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់នាររដូវទឹកជំនន់នេះ ពិសេសក្មេងតូចៗ និងចាស់ជរា មិនត្រូវឱ្យពួកគាត់នៅក្បែរទឹក ឬចុះលេងទឹកឡើយ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងដែលនឹកស្មានមិនដល់។


ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ