logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ក្រសួងមហាផ្ទៃ ធ្វើសិក្ខាសាលាផ្សព្វផ្សាយ​ ស្តីពី​ផែនការយុទ្ធសាស្ត្រស្តីពីការ​បង្កេីនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ​ ឆ្នាំ២០២៤​-២០២៨
610
27-January-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្ដីការ​ក្រសួង​មហាផ្ទៃ​៖​ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥​ ក្រសួងមហាផ្ទៃ ​ ធ្វើសិក្ខាសាលា​ផ្សព្វផ្សាយស្តីពី​ផែនការយុទ្ធសាស្ត្រស្តីពីការ​បង្កេីនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រង​នៅរដ្ឋបាលថ្នាក់ក្រោមជាតិ​ ឆ្នាំ២០២៤​-២០២៨​ ក្រោមអធិបតីភាពលោកជំទាវ​ គឹម​ ស៉ីផាត់​ រដ្ឋលេខាធិកា​ប្រចាំការ​ និង​តំណាងដ៏ខ្ពង់ខ្ពស់​ លោកជំទាវ​ កិត្តិបណ្ឌិត​ អ៉ឹង​ កន្ថាផាវី​ រដ្ឋមន្រ្តីក្រសួង​កិច្ចការ​នារី​ ។ សិក្ខា​សាលានេះដែរក៏មានការអញ្ជេីញចូលរួមពី​ លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី និងក្រសួងមុខងារសាធារណៈ ឯកឧត្តមប្រធានអង្គភាព​នៃលេខាធិការដ្ឋាន គ.ជ.អ.ប និងលោកស្រី ប្រធានកម្មវិធី ISD ឯកឧត្តម លោកជំទាវ លោកលោកស្រី តំណាងអគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន នាយកដ្ឋាន និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ​ ក្រសួងកិច្ចការនារីក្រសួងមុខងារសាធារណៈ និង លេខាធិការដ្ឋាន គ.ជ.អ.ប​ ឯកឧត្តម លោកជំទាវប្រធានក្រុមប្រឹក្សារាជធានី ខេត្ត អភិបាលអភិបាលរងរាជធានី ខេត្ត លោក លោកស្រី នាយករដ្ឋបាល នាយកទីចាត់ការធនធានមនុស្សរាជធានី ខេត្ត​ លោក លោកស្រីតំណាងដៃគូរអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ព្រមទាំង លោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរកិច្ចការនារីរាជធានី ខេត្តប្រធានក្រុមប្រឹក្សា អភិបាល អភិបាលរង ប្រធានការិយាល័យក្រុង ស្រុក ខណ្ឌ​ ជាច្រើន​រូបផងដែរ។ 


ជាបឋម​ លោកជំទាវ​ គឹម​ ស៉ីផាត់​ រដ្ឋលេខាធិកា​ប្រចាំការ​ក្រសួង​កិច្ចការ​នារី​ ​ក៏បានស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់លោកជំទាវ ឯកឧត្តម លោកស្រី លោក ដែលបាន អញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នាថ្ងៃនេះ។ 


ក្នុងឱកាសនេះ​ដែរ លោកជំទាវ​ គឹម​ ស៉ីផាត់​ រដ្ឋលេខាធិកា​ប្រចាំការ​ក្រសួង​កិច្ចការ​នារី​ ក៏បានថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ជូនចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យនៅថ្នាក់ក្រោមជាតិ ចំពោះការគាំទ្រ ណែនាំចង្អុលបង្ហាញ និងជំរុញក្នុងការដាក់ចេញ​នូវផែនការយុទ្ធសាស្ត្រ ស្តីពីការបង្កើនចំនួនស្ត្រី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤-២០២៨ ដែលផ្សព្វផ្សាយឱ្យអនុវត្តនាឱកាសនេះ។


ដូចអង្គពិធីបានជ្រាបហើយថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកកម្ពុជា បានបន្តនូវ មរតកដ៏ថ្លៃថ្លា ក្នុងការលើកកម្ពស់ស្ថានភាពនិងតួនាទីរបស់ស្ត្រី ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ - ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះ ទៅសម្រេចបាន​ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្ត្រី គឺជាស្នូល។ រាជរដ្ឋាភិបាល នឹងបន្ត បង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័របង្កលក្ខណៈ អំណោយផលដល់ស្ត្រី ក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចអំពីផែនការគ្រួសារកាត់បន្ថយភាព​ងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់នៅក្នុងក្របខ័ណ្ឌកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ កន្លងមករាជរដ្ឋាភិបាល ដាក់ចេញ និងអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តនានាដែលឆ្លើយតបនឹងសមភាពយេនឌ័រ និងលើកកម្ពស់ភាពជាអ្នកដឹកនាំ របស់ស្ត្រីនៅថ្នាក់ក្រោមជាតិ រួមទាំងកម្មវិធីជាតិ ទី១ និងទី២ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ គោលយោបាយស្តីពីការលើកកម្ពស់សមភាពយេនឌ័រសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ផែនការយុទ្ធសាស្ត្រ ស្តីពីការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិជាដើម។


នៅក្នុងនោះរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ទទួលបានកម្មវិធីអភិវឌ្ឍន៍សមត្ថភាព កម្មវិធីវគ្គបណ្តុះបណ្តាលជាកាតព្វកិច្ច បានរៀបចំនិងដំណើរការមុខងាររបស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រីនិងកុមាររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារ​ ឃុំ សង្កាត់ ដែលជាយន្តការក្នុងការលើកកម្ពស់ការឆ្លើយតបនិងដោះស្រាយគម្លាតយេនឌ័រ បញ្ហាស្ត្រី កុមារ និងក្រុម ជនងាយរងគ្រោះ។

នៅក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០ បានបន្តផ្តោតលើការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម តាមរយៈ វិធីសាស្ត្រ​និងកិច្ចការអន្តរវិស័យ នៅក្នុងក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយនានា ទាំងនៅក្នុងកម្រិតស្ថាប័ន និងក្នុងការធ្វើសេចក្តីសម្រេចនានាក្នុងការងាររដ្ឋបាលទូទៅការផ្តល់សេវានិងកិច្ចអភិវឌ្ឍមូលដ្ឋាន និងទាំងនៅក្នុងកម្រិតបុគ្គល ក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធី និងកិច្ចការពាក់ព័ន្ធនានា។


លទ្ធផលរំពីងទុករបស់កម្មវិធីជាតិ គឺរដ្ឋបាលថ្នាក់ក្រោមជាតិជ្រើសរើសនិងគ្រប់គ្រងបុគ្គលិក រៀបចំ ផែនការ និងធនធានព្រមទាំងចាត់ចែងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានដោយគ្មានការរើងអើង និងមិនប្រកាន់ជាតិសាសន៍ សាសនា ភេទ ជនដែលមានពិការភាព និងឆ្លើយតបដល់ក្រុមជនងាយរងគ្រោះនានាប្រកបដោយបរិយាបន្ន និងសមធម៌។


លោកជំទាវរដ្ឋលេខាធិការ បានបន្ត ថាគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) បាន ដាក់ចេញឱ្យអនុវត្តនូវ ផែនការយុទ្ធសាស្ត្រ ស្តីពីការបង្កើនចំនួនស្ត្រី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤-២០២៨ តាមរយៈប្រកាសអន្តរក្រសួង (ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ និងក្រសួងកិច្ចការនារី) ដែលជាកិច្ចការអាទិភាពមួយ ដែលបានកំណត់នៅក្នុងកម្មវិធីជាតិ ទី២ ដែលជាពិសេស ក្នុងការលើកកម្ពស់ការអភិវឌ្ឍ និងគ្រប់គ្រងធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយបរិយាបន្ន និងសមធម៌។


ការរៀបចំនិងដាក់ចេញឱ្យអនុវត្តផែនការយុទ្ធសាស្ត្រ ដំណាក់កាលទី២ ឆ្នាំ២០២៤-២០២៨នេះ យោងតាមលទ្ធផល មេរៀនបទពិសោធន៍ដែលទទួលបានពីការអនុវត្តផែនការយុទ្ធសាស្ត្រដំណាក់កាលទី១ ឆ្នាំ ២០១៧-២០១៩ ព្រមទាំងបានឆ្លើយតបនឹងតម្រូវការអាទិភាពដែលបានចង្អុលបង្ហាញនៅក្នុងកម្មវិធីជាតិ លើកទី២ និងស្ថានភាពជាក់ស្តែងនៅថ្នាក់ក្រោមជាតិ ព្រមទាំងមតិយោបល់របស់ដៃគូពាក់ព័ន្ធ។ ចាប់តាំងពីខែសីហា ឆ្នាំ២០២២មក ក្រុមការងារ​ដែលដឹកនាំដោយលេខាធិការដ្ឋាន គ.ជ.អ.ប បានចុះប្រមូលព័ត៌មាន សិក្សាស្វែងយល់អំពីស្ថានភាពជាក់ស្តែង រៀបចំសេចក្តីព្រាង ពិភាក្សានិងពិគ្រោះយោបល់ យ៉ាងទូលំទូលាយជាមួយក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ​ និង បានដាក់ជូនកិច្ចប្រជុំពេញអង្គ របស់គ.ជ.អ.ប. ពិនិត្យ និងអនុម័ត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤កន្លងមកនេះ។


ផែនការយុទ្ធសាស្ត្រនេះ គឺជាការបង្ហាញអំពីការគាំទ្រ និងប្តេជ្ញាចិត្តរួមគ្នា របស់ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈក្រសួងកិច្ចការនារី លេខាធិការដ្ឋាន គ.ជ.អ.ប និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងសហថាមពលរួមគ្នា ដើម្បីលើកកម្ពស់តួនាទីស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងបង្កើតបាននូវបរិយាកាសមេត្រីភាព និងលក្ខខណ្ឌអំណោយផលសម្រាប់ស្ត្រី នៅកន្លែងការងារ និង ការអនុវត្តតួនាទីភារកិច្ច សក្តានុពលរបស់ខ្លួនបានពេញលេញ។


លោកជំទាវបានបញ្ជាក់បន្ថែមទៀត ថា ផែនការយុទ្ធសាស្រ្តនេះផ្តោតលេីយុទ្ធសាស្រ្តស្នូលចំនួន៤ រួមមាន ៖


១. ការពិនិត្យ រៀបចំ និងកែសម្រួលគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជំរុញ ការលើកទឹកចិត្ត ក្នុងការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។


២. ការអភិវឌ្ឍសមត្ថភាពបុគ្គលិកជាស្ត្រីនៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។


៣.​ ការបង្កើតបរិយាកាសមេត្រីភាព និងលក្ខខណ្ឌអំណោយផលនៅកន្លែងបំពេញការងារ និងការ អនុវត្តតួនាទីភារកិច្ចរបស់ស្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។


៤. ការលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពីការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ