logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកជំទាវ អុង សុភាវី អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលយេនឌ័រក្រសួងមហាផ្ទៃ
106
03-June-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀល ថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលយេនឌ័រក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមជាគណៈអធិបតីដោយ លោកជំទាវរដ្ឋលេខាធិការ លោកជំទាវ អនុរដ្ឋលេខាធិការ និងការចូលរួមជាសិក្ខាកាមដោយ លោកជំទាវ ឯកឧត្តម អគ្គស្នងការរង អគ្គនាយករង មន្ត្រីរាជការស៊ីវិល កងម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ ជាច្រើនរូប។


វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅរយៈពេលចំនួន ២ថ្ងៃពេញ ដោយមានកិច្ចសហកាអញ្ជើញគ្រូឧទ្ទេស មកពីក្រសួងកិច្ចការនារី គណៈកម្មាធិការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីផ្ដល់បទឧទ្ទេសនាម និងចែករំលែកនូវចំណេះដឹងនៅក្នុងវគ្គនេះ។


ថ្លែងក្នុងពិធីបិទ លោកជំទាវបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់គ្រូឧទ្ទេសមកពីក្រសួងកិច្ចការនារី ក្រសួងយុត្តិធម៌ និងសាលាជាតិរដ្ឋបាលមូលដ្ឋាន ព្រមទាំងក្រុមការងាររៀបចំវគ្គ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំវគ្គបណ្តុះបណ្តាលនេះប្រកបដោយជោគជ័យ និងមានគុណភាព។


លោកជំទាវបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ក្នុងការពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាពរបស់សិក្ខាកាម ដើម្បីក្លាយជាគ្រូបង្គោលយេនឌ័រនៅតាមអង្គភាពរបស់ខ្លួន និងអាចបន្តផ្សព្វផ្សាយ បណ្តុះបណ្តាល និងបញ្ជ្រាបទស្សនៈយេនឌ័រឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។


លោកជំទាវក៏បានសម្តែងការអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ សិក្ខាកាមបានចូលរួមយ៉ាងសកម្មក្នុងការសិក្សា ពិភាក្សា និងចែករំលែកបទពិសោធន៍ជាក់ស្តែង ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការយល់ដឹង និងសមត្ថភាពលើការងារយេនឌ័រ ដើម្បីគាំទ្រដល់ការលើកកម្ពស់សមភាពយេនឌ័រ និងបរិយាបន្នក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមបានទទួលចំណេះដឹងសំខាន់ៗពាក់ព័ន្ធនឹងទស្សនៈយេនឌ័រ ការបញ្ជ្រាបយេនឌ័រ ការបង្ការ និងទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ ព្រមទាំងការយល់ដឹងអំពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយន្តការសំខាន់ក្នុងការពង្រឹងយុត្តិធម៌ សុខដុមរមនា និងភាពធន់របស់សង្គម។

លោកជំទាវបានលើកឡើងថា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពមុតមាំរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ «មនុស្ស» ជាអាទិភាពទីមួយក្នុងចំណោមអាទិភាពសំខាន់ទាំង៤ រួមមាន មនុស្ស ផ្លូវ ភ្លើង និងបច្ចេកវិទ្យា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានបន្តយកចិត្តទុកដាក់ និងលើកកម្ពស់សិទ្ធស្ត្រី ដោយកំណត់យក “ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រីនៅគ្រប់វិស័យ” គឺជាអាទិភាព តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ក្នុងនោះ “ស្ត្រីគឺជាស្នូល”។

លោកជំទាវបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការធ្វើបរិវត្តកម្មយេនឌ័រ (Gender Transformation) ដែលជាដំណាក់កាលឈានមុខមួយក្នុងការបញ្ជ្រាបយេនឌ័រ ដើម្បីកាត់បន្ថយគម្លាតយេនឌ័រ និងលើកកម្ពស់ការចូលរួមប្រកបដោយសមធម៌របស់បុរស ស្ត្រី និងក្រុមជនងាយរងគ្រោះ។ ទន្ទឹមនឹងនេះ ស្ត្រីក៏ត្រូវត្រៀមខ្លួនឱ្យស្របទៅនឹងបរិវត្តកម្មឌីជីថល ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងារក្នុងបរិបទសង្គមទំនើប។


លោកជំទាវបានគូសបញ្ជាក់ផងដែរថា ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តជំរុញការលើកកម្ពស់សិទ្ធិស្ត្រី ការអភិវឌ្ឍសមត្ថភាព និងការបង្កើនការចូលរួមរបស់មន្ត្រីជាស្ត្រីក្នុងមុខតំណែងដឹកនាំ និងការសម្រេចចិត្តនៅគ្រប់កម្រិត។ ក្នុងឱកាសនោះ ក្នុងឱកាសនោះ លោកជំទាវ អុង សុភាវី ក៏បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៤ ចំណុច ដល់គ្រូបង្គោលយេនឌ័រក្រសួងមហាផ្ទៃ ដើម្បីយកទៅអនុវត្តបន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល។ ទី១ ត្រូវបន្តសិក្សាស្រាវជ្រាវ និងស្វែងយល់បន្ថែមដោយខ្លួនឯង ដើម្បីពង្រឹងចំណេះដឹង និងជំនាញឱ្យកាន់តែស៊ីជម្រៅ។ ទី២ ត្រូវចែករំលែកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ជូនដល់សហការី និងមន្ត្រីពាក់ព័ន្ធនៅតាមអង្គភាពរបស់ខ្លួន។ ទី៣ ត្រូវចូលរួមបញ្ជ្រាបទស្សនៈយេនឌ័រ និងបរិយាបន្ន ទៅក្នុងការរៀបចំ និងអនុវត្តច្បាប់ គោលនយោបាយ ផែនការ កម្មវិធី ថវិកា និងការងាររដ្ឋបាលប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាព។ និងទី៤ ត្រូវចូលរួមជំរុញការអនុវត្តគោលនយោបាយ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការលើកកម្ពស់ស្ត្រីក្នុងមុខតំណែងដឹកនាំ ការបង្ការ និងទប់ស្កាត់ការបៀតបៀន និងការរើសអើងគ្រប់ទម្រង់នៅកន្លែងការងារ ព្រមទាំងការរៀបចំផែនការអ្នកបន្តវេនសម្រាប់មន្ត្រីជាស្ត្រី ដើម្បីធានាបាននូវការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមធម៌ និងបរិយាបន្ន។


ជាទីបញ្ចប់ លោកជំទាវបានសម្តែងក្តីសង្ឃឹមថា គ្រូបង្គោលយេនឌ័រទាំងអស់នឹងយកចំណេះដឹង និងជំនាញដែលទទួលបានទៅអនុវត្ត និងបណ្តុះបណ្តាលបន្តនៅតាមអង្គភាពរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន សមធម៌សង្គម និងការពង្រឹងភាពអង់អាចរបស់ស្ត្រី ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងទិសដៅកំណែទម្រង់របស់ក្រសួងមហាផ្ទៃ។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ